ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសវនាការ និងទទួលអំណោយភេសជ្ជៈប៉ូការីស្វេតចំនួន ៦០០កេសពីឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុន ប៉ូការីស្វេត ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា សុខ សំណាង និងលោកជំទាវ ដែលតែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជារៀងដរាបមក។ ជាមួយគ្នានេះ លោកជំទាវ បានបញ្ជាក់ជូនថា «ចំពោះអំណោយភេសជ្ជៈប៉ូការីស្វេតទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំឱ្យយកទៅប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃខាងមុខនេះ»។
ជាកិច្ចឆ្លើយតបឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុន ប៉ូការីស្វេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកកិច្ចការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍៕



