រដ្ឋាភិបាលអាហ្សង់ទីនបានប្រកាសអាសន្ននៅតំបន់ Patagonia កាលពីថ្ងៃ (ទី២៩ ខែមករា ឆ្នាំ២០២៦) ជាកន្លែងដែលចំហេះព្រៃបានឆាបឆេះព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីការចាប់ផ្តើមនូវរដូវក្តៅអឌ្ឍគោលខាងត្បូង។
ចំហេះព្រៃធំបំផុត គឺនៅភាគខាងត្បូងខេត្ត Chubut ជាទីដែលព្រៃឈើយ៉ាងហោចណាស់ ៤៥.០០០ហិកតា ត្រូវបានឆាបឆេះ ចាប់តាំងពីពាក់កណ្តាលខែមករា។ អ្នកពន្លត់អគ្គភ័យរាប់រយនាក់ កំពុងប្រឹងប្រែងទប់ស្កាត់អណ្តាតភ្លើងកុំឲ្យរាលដាលទៅដល់តំបន់ដែលមានប្រជាជនរស់នៅ។

លោក Manuel Adorni ដែលជាអ្នកនាំពាក្យរបស់លោកប្រធានាធិបតីអាហ្សង់ទីន Javier Milei បាននិយាយថា ស្ថានភាពក្នុងគ្រាអាសន្ន នឹងចូលជាធរមាននៅក្នុងខេត្ត Chubut, Rio Negro, Neuquen និង La Pampa នៃតំបន់ Patagonia នៅថ្ងៃសុក្រ (ទី៣០ ខែមករា) នេះ។
វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការ រវាងអ្នកពន្លត់អគ្គិភ័យខេត្ត និងជាតិ។ ឧទ្យានជាតិ Los Alerces ដែលជាតំបន់អភិរក្សដ៏ធំនៃព្រៃឈើ និងបឹងទឹកកកដ៏ស្រស់ស្អាត គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត៕
