ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា សម្ដែងនូវការស្វាគមន៍ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ហើយរំពឹងថា ទូតថ្មីឡាវរូបនេះ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហានយោបាយ និងការពារជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ។
ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋឡាវប្រចាំនៅកម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បានមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរលើគ្រប់វិស័យ ហើយទំនាក់ទំនងនេះ ត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ។
សម្តេច បានរំពឹងថា ឯកអគ្គរដ្ឋទូតថ្មី នឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ស៊ីជម្រៅបន្ថែមទៀតលើបញ្ហានយោបាយ សន្តិសុខ ការពារជាតិ អប់រំ សុខាភិបាល និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ។
សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិនៃព្រះរាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតឡាវ ក៏ដូចជាស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។
ក្នុងឱកាសនោះ ឯកឧត្តម បូរកែវ ភូមិវង្សសៃ បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង រថយន្តដឹកវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ។
ឯកឧត្តម បានបញ្ជាក់ថា ប្រទេសឡាវសូមគាំទ្រចំពោះតួនាទីរបស់ប្រទេសកម្ពុជាជាប្រធានអាស៊ាន ។
តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព និងសេចក្តីនឹករលឹកពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕





