ផ្លូវជនបទនៅទូទាំងប្រទេស ដែលស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងស្តារ និងស្ថាបនាជាបន្តបន្ទាប់ ដើម្បី ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឲ្យមានភាពប្រទាក់ក្រឡា និងរឹងមាំ ព្រោះផ្លូវជាសរសៃឈាមដែលតភ្ជាប់ ជំរុញនូវគ្រប់ អន្តរវិស័យ ជាពិសេសនៅក្នុងចលនាសេដ្ឋកិច្ចជាតិ។
ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នូវគ្រប់ ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ដ ជាពិសេសការស្ថាបនាផ្លូវជនបទ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈកសិផល និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗសម្រាប់ ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជុំវិញការស្ថាបនាផ្លូវ និងសំណង់សិល្បការ្យនេះ, ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តកោះកុង។ ជុំវិញការងារស្ថាបនា ការស្តារ និងការថែទាំផ្លូវ គឺជាការវិនិយោគចាំបាច់ របស់រាជរដ្ឋាភិបាល ព្រោះផ្លូវជាសរសៃឈាមដែលតភ្ជាប់ជំរុញនូវគ្រប់អន្តរវិស័យ នៅក្នុងចលនាសេដ្ឋកិច្ច និងក៏ដូចជាការលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅតាមជនបទផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនា និងការថែទាំរសុពលភាព ដោយរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ស្របតាមការយកចិត្តទុក ដាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងកំពុងលើកកម្ពស់កម្រិតគុណភាពផ្លូវ សំដៅធានាបានការប្រើប្រាស់យូរអង្វែង សម្រាប់ ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា ផ្លូវដែលគណៈកម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃរួមមាន៖ គម្រោងទី១- ការងារស្ថាបនាផ្លូវក្រាលដីល្បាយ ក្រួសចំនួន ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ២០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, សាងសង់លូប្រអប់មុខពីរចំនួន២កន្លែង, លូមូលមុខបី ចំនួន៣កន្លែង, លូមូលមុខពីរចំនួន១កន្លែង, លូមូលមុខមួយចំនួន៤កន្លែង, និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង, សម្រាប់បម្រើការងារ សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ចំណែកគម្រោងទី២- ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ២ ៣០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, សាងសង់លូប្រអប់ មុខបីចំនួន២កន្លែង, លូប្រអប់មុខពីរចំនួន១កន្លែង, លូមូលមុខបីចំនួន២កន្លែង, និងលូមូលមុខពីរចំនួន១កន្លែង ស្ថិតនៅភូមិបឹងឃុន ឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងទាំងពីរនេះអនុវត្តដោយនាយកដា្ឋនវិស្វកម្ម ក្រសួងការពារជាតិ៕
អត្ថបទ៖ សុន រ៉ាឌី





















