តុលាការកំពូលប៉ាណាម៉ា បានចេញសេចក្តីសម្រេចថា កិច្ចសន្យាដែលក្រុមហ៊ុនចិនគ្រប់គ្រងកំពង់ផែនៅព្រែកជីកប៉ាណាម៉ាថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ។
សេចក្តីសម្រេចដែលពាក់ព័ន្ធនឹងកំពង់ផែគ្រប់គ្រងដោយក្រុមហ៊ុន CK Hutchisonមានមូលដ្ឋាននៅទីក្រុងហុងកុងនេះ ត្រូវបានប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ ។
សេចក្តីសម្រេចនេះ បានកើតមានឡើង រយៈពេល ១ឆ្នាំ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គំរាមរឹបអូសការគ្រប់គ្រងផ្លូវឆ្លងកាត់ដ៏សំខាន់មួយនេះ ដោយរូបលោកអះអាងថា វាស្ថិតក្រោមការគ្រប់គ្រងរបស់ចិនដោយប្រសិទ្ធិភាព ហេតុដូច្នេះហើយវាគឺជាការគំរាមកំហែងសន្តិសុខ ។

តុលាការសម្រេចថា ច្បាប់គាំទ្រកិច្ចសន្យាសម្បទានរវាងរដ្ឋ និងក្រុមហ៊ុនកំពង់ផែប៉ាណាម៉ា(PPC) សម្រាប់ការអភិវឌ្ឍ ការកសាង ប្រតិបត្តិការ និងការគ្រប់គ្រងចំណតកំពង់ផែ ២កន្លែង បានបំពានរដ្ឋធម្មនុញ្ញប្រទេសមួយនេះ ។
ក្រុមហ៊ុន CK Hutchison មាននូវកិច្ចសន្យាដែលអនុញ្ញាតឲ្យពួកគេគ្រប់គ្រងកំពង់ផែកុងតឺន័រ Balboa ស្ថិតនៅខាងមហាសមុទ្រប៉ាស៊ីហ្វិកនៃព្រែកជីកប៉ាណាម៉ា និងកំពង់ផែ Cristobal ស្ថិតនៅខាងមហាសមុទ្រអាត្លង់ទិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមក ។
ការរៀបចំត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិកាលពីឆ្នាំ ២០២១ ជាការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន PPC សម្រាប់រយៈពេល ២៥ឆ្នាំទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលលោក Trumpវិលត្រឡប់មកកាន់សេតវិមានជាលើកទី ២ កាលពីដើមឆ្នាំ ២០២៥ លោកបានជំរុញឲ្យប៉ាណាម៉ាទប់ស្កាត់ឥទ្ធិពលរបស់ចិន ហើយនិងជំរុញមានការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើព្រែកជីកយុទ្ធសាស្រ្តមួយនេះ ដែលសហរដ្ឋអាមេរិកបានកសាងឡើង ប៉ុន្តែប្រគល់ជូនប៉ាណាម៉ាកាលពីឆ្នាំ ១៩៩៩ ។ ផ្លូវឆ្លងកាត់ដ៏សំខាន់នេះ ស្មើនឹង ៥ភាគរយនៃផ្លូកដឹកជញ្ជូនពាណិជ្ជកម្មតាមសមុទ្រសកលលោក ៕
