អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្តង់ប៊ុលហើយ នៅថ្ងៃសុក្រ (ទី៣០ ខែមករា ឆ្នាំ២០២៦) នេះ ដើម្បីបើកកិច្ចពិភាក្សាផ្សេងៗ ដែលប្រទេសទួរគី នឹងផ្តល់ជំនួយ ដើម្បីសម្របសម្រួលភាពតានតឹងជាមួយសហរដ្ឋអាមេរិក ដែលបានលើកឡើងពីលទ្ធភាពអាចមានការវាយប្រហារយោធា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រកាសពីការទៅដល់របស់លោក ក្នុងអំឡុងពេលទស្សនកិច្ចនេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Araghchi នឹងធ្វើកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan និងជួបជាមួយលោកប្រធានាធិបតី Recep Tayyip Erdogan។

អាជ្ញាធរទួរគី បានឲ្យដឹងថា គេមិនទាន់ច្បាស់នោះទេថា តើពេលណាកិច្ចពិភាក្សានឹងធ្វើឡើង ប៉ុន្តែរដ្ឋមន្ត្រីទាំង២ នឹងធ្វើសន្និសីទសារព័ត៌មាននៅវេលាម៉ោង ១៣:៤៥រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១០:៤៥ ម៉ោងសកល)។
ដំណើរទស្សនកិច្ច នាថ្ងៃសុក្រនេះ បានកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកសង្ឃឹមថា នឹងអាចបញ្ចៀសបាននូវវិធានការយោធាលើអ៊ីរ៉ង់ ដែលបានគំរាមដាក់គោលដៅលើមូលដ្ឋានទ័ព និងនាវាផ្ទុកយន្តហោះអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារណាមួយ។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ លោក Trump បានគំរាមវាយប្រហារដោយយោធា លើអ៊ីរ៉ង់ ដោយសារការបង្ក្រាបការតវ៉ាដ៏សាហាវរបស់ប្រទេសនេះ កាលពីដើមខែនេះ៕
