អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូន ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Daily Telegraph បាននិយាយថា អាជ្ញាធរអង់គ្លេសបានបណ្តេញនាវាដឹកទំនិញរុស្ស៊ី Sinegorsk ចេញពីដែនទឹកចក្រភពអង់គ្លេស បន្ទាប់ពីនាវានេះ បានទម្លាក់យុថ្កាចត ដោយសារបញ្ហាបច្ចេកទេស។
លោកបាននិយាយថា៖«យើងបានចេញការព្រមានយ៉ាងច្បាស់ជាជំហានដំបូងដល់នាវា Sinegorsk ឲ្យចាកចេញពីដែនទឹករបស់ចក្រភពអង់គ្លេស បន្ទាប់ពីវាបានចូលមកជួសជុលសុវត្ថិភាពសំខាន់ៗ។ ការណែនាំនេះ ត្រូវបានអនុវត្តតាម ហើយនាវានេះ កំពុងចាកចេញពីដែនទឹកចក្រភពអង់គ្លេស»។

កាសែតនេះ កត់សម្គាល់ថា នាវា Sinegorsk បានចូលទៅក្នុងច្រកសមុទ្រ Bristol នៅភាគនិរតីនៃប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃទី ២៧ ខែមករា ហើយបានទម្លាក់យុថ្កាចតប្រហែលពីរម៉ាយសមុទ្រពីទីក្រុង Minehead។ យោងតាម The Daily Telegraph បានឲ្យដឹងថា នាវានេះមានទីតាំងស្ថិតនៅចម្ងាយតិចជាងមួយម៉ាយពីខ្សែកាប្លិ៍ទិន្នន័យក្រោមសមុទ្រដែលភ្ជាប់ចក្រភពអង់គ្លេស ទៅកាន់ប្រទេសអេស្ប៉ាញ កាណាដា ព័រទុយហ្គាល់ និងសហរដ្ឋអាមេរិក។
កាសែតនេះ បានកត់សម្គាល់ថា បន្ទាប់ពីនាវាឈប់ដំណើរការរយៈពេល ១៤ ម៉ោង កងទ័ពជើងទឹកអង់គ្លេស បានបញ្ជូនឧទ្ធម្ភាគចក្រ RN Wildcat មួយគ្រឿង ពីស្ថានីយអាកាសចរណ៍កងទ័ពជើងទឹក នៅ ក្នុងមូលដ្ឋានទ័ពអាកាស Yeovilton ក្នុងតំបន់ Somerset។ លើសពីនេះ នៅព្រឹកថ្ងៃទី ២៨ ខែមករា យន្តហោះឃ្លាំមើលរបស់កងឆ្មាំសមុទ្រ បានហោះជុំវិញនាវានេះ រយៈពេលកន្លះម៉ោង ដោយ «ជំរុញឲ្យក្រុមនាវិករុស្ស៊ីលើកយុថ្កា ហើយបើកត្រឡប់ទៅសមុទ្រវិញ»៕
