អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីនៅតែបន្តសម្រុកវាយប្រហារតាមអាកាសឥតឈប់ឈរ ទៅលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ខណៈប្រជាជនអ៊ុយក្រែនជិត ៣លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេស ដែលកាកបាទក្រហមហៅស្ថានភាពសម្រាប់អ្នកដែលរងគ្រោះពីការវាយប្រហារទាំងនោះថា មិនខុសអំពីសុបិនអាក្រក់នោះទេ។

ខណៈការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ីនៅតែបន្តស្រោច លើតំបន់អគារលំនៅឋានទូទាំងប្រទេស ក្រុមរដ្ឋអាជ្ញាអ៊ុយក្រែននិយាយថា នៅពេលនេះមានកុមារចំនួន ៩០នាក់បានស្លាប់ក្នុងជម្លោះនេះ។ អង្គការសហប្រជាជាតិនិយាយថា ខ្លួនបានបញ្ជាក់ថាមានជនស៊ីវិលចំនួន ៦៣៦នាក់បានស្លាប់ ប៉ុន្តែចំនួនពិតប្រាកដនឹងមានខ្ពស់ជាងនេះ។ ក្រុមអាជ្ញាធរនិយាយថា ការវាយប្រហារតាមអាកាសជាច្រើនបានធ្លាក់ចំអគារលំនៅឋានប្រជាពលរដ្ឋនៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន និងទីក្រុងធំបំផុតទី២ Kharkiv កាលពីថ្ងៃចន្ទដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

នៅក្នុងទីក្រុង Kharkiv មនុស្ស ២នាក់បានស្លាប់ដោយសារការវាយប្រហារដោយកាំភ្លើងធំនៅតាមផ្លូវ និងក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ទៀតបានស្លាប់ដោយសារត្រូវគ្រាប់ បន្ទាប់ពីគ្រាប់ផ្លោងធ្លាក់ចំសាលាមត្តេយ្យជិតទីក្រុង Chuguiv នៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Kharkiv៕
អត្ថបទ៖ សុខមាន