ក្រុមហ៊ុន Lockheed Martin បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមករា ឆ្នាំ២០២៦)ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីបង្កើនការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Terminal High Altitude Area Defense (THAAD) ដល់ទៅ ៤ដង ពោលគឺពីចំនួន ៩៦ ទៅ ៤០០គ្រាប់ ក្នុងមួយឆ្នាំ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុន បានឲ្យដឹងថា កិច្ចសន្យានេះពង្រីកបន្ថែមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌប្រភេទនេះជាលើកដំបូងរបស់ខ្លួន ដែលបានចុះហត្ថលេខាកាលពីដើមខែនេះ រវាងក្រុមហ៊ុន Lockheed Martin និងមន្ទីរបញ្ចកោណ ដើម្បីពន្លឿនការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល PAC-3 Missile Segment Enhancement (MSE)។

ដោយបាននិយាយសំដៅទៅលើការប្តូរឈ្មោះក្រៅផ្លូវការនៃក្រសួងការពារជាតិ ពីសំណាក់រដ្ឋបាលលោកប្រធានាធិបតី Donald Trump លោក Jim Taiclet នាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin បានប្រាប់ថា៖ «យើងប្តេជ្ញាចិត្តកសាងបន្ថែមទៀត តាមចក្ខុវិស័យរបស់ក្រសួងសង្គ្រាម សម្រាប់ការជំរុញកំណែទម្រង់លទ្ធកម្មជាមួយនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌបន្ថែម ដើម្បីឲ្យមានគ្រាប់រំសេវសំខាន់ៗដែលត្រូវការចាំបាច់ដោយយោធាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។
លោក Taiclet បានបន្ថែមថា កិច្ចព្រមព្រៀងនេះ «មានន័យថា យើងនឹងមានប្រព័ន្ធស្ទាក់ចាប់កាន់តែច្រើនដែលអាចរកបានជាងពេលមុន ដើម្បីទប់ស្កាត់សត្រូវរបស់យើង»៕
