ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានបំណាក់ដីស្លាប់មនុស្សនៅខេត្ត Chanchamayo ស្ថិតក្នុងតំបន់ Junin របស់ប្រទេសប៉េរូ កាលពីថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែមករា បណ្តាលឲ្យខូចខាតផ្លូវផ្ទះសម្បែងប្រជាពលរដ្ឋកប់ក្រោមកម្ទេចកម្ទី ហើយអ្នកស្រុកបានជាប់ខ្លួន ខណៈគ្រឿងចក្រធ្វើការបោសសម្អាតតំបន់រងផលប៉ះពាល់ ។គ្រោះមហន្តរាយធម្មជាតិនេះ បណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនកាត់ផ្តាច់ប្រព័ន្ធទឹក និងសេវាកម្មអគ្គិសនី ហើយនិងធ្វើឲ្យជនរងគ្រោះដូចជាអ្នកស្រី Esther ស្រែកដង្ហើយហៅសុំជំនួយជាភួយនិងស្បៀងអាហារ ក្រោយបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេ ។អ្នកសរី Esther និយាយថា សូមមេត្តាជួយអ្នកស្រីផង ពីព្រោះថា ពួកយើងបាត់បង់អ្វីៗអស់ទៅហើយ អ្នកស្រីគ្មានសេសសល់អ្វីទៀតនោះទេសូមមេត្តាផ្តល់ស្បៀងអាហារដល់ពួកយើងផង ។

យោងតាមការអះអាងរបស់វិទ្យាស្ថានការពារស៊ីវិលជាតិប៉េរូបានឲ្យដឹងថា ចន្លោះខែធ្នូ ឆ្នាំ ២០២៥ និងខែមករា ឆ្នាំ ២០២៦ ប្រទេសប៉េរូបានប្រកាសដាក់ស្រុកចំនួន ៥១៩ស្ថិតក្នុងគ្រាអាសន្ន ដោយសារភ្លៀងធ្លាក់ខ្លាំង ក្នុងនោះផ្លូវ ១៦៧ខ្សែ រងផលប៉ះពាល់ ផ្លូវហាយវ៉េប្រវែង ២០គ.មត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ហើយមនុស្ស ២២នាក់ ត្រូវបានគេប្រកាសថា ស្លាប់ក្នុងឆ្នាំនេះដោយសាររន្ទះបាញ់ និងបំណាក់ដី ។ស្ថានភាពគ្រាអាសន្ននៅខេត្ត Chanchamayo បង្ខំឲ្យអ្នកបើកបរទោចចក្រយានយន្ត និងអ្នកដំណើរតាមរថយន្តក្រុងងាកមកដើរតាមផ្លូវរងការជន់លិច ខណៈបំណាក់ដីនៅតែបន្តកើតមាន ៕
