ទូរទស្សន៍រដ្ឋ KRT រាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានកំណត់គោលដៅអនុវត្តគម្រោងសំណង់ធំៗ ក្នុងឆ្នាំនេះ រួមទាំងរោងចក្រឧស្សាហកម្មនៅតាមតំបន់ចំនួន ២០ ក្នុងពេលដំណាលគ្នា ស្របពេលដែលសមាជបក្សជិតមកដល់ ។
កូរ៉េខាងជើង ត្រៀមរៀបចំសមាជបក្សលើកទី ៩ នៃគណបក្សកាន់អំណាចពលករ ដើម្បីកោះប្រជុំក្នុងពេលឆាប់ៗនេះ ក្នុងការកំណត់គោលដៅគោលនយោបាយសំខាន់ៗ ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បានឲ្យដឹងថា លោក Kim និយាយនៅក្នុងសុន្ទរកថាថា បច្ចុប្បន្នពួកយើងកំពុងឈរលើខ្សែបន្ទាត់ចាប់ផ្តើម សម្រាប់កិច្ចប្រឹងប្រែងដ៏ធំរបស់ពួកយើង សម្រាប់រយៈពេល ១ឆ្នាំទៀត ។
KCNA រាយការណ៍ថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ កាលពីថ្ងៃពុធ ទី ២៨ ខែមករា បានជ្រើសរើសប្រតិភូ ត្រូវបញ្ជូនឲ្យចូលរួមសមាជលើកទី ៩ ដោយពួកគេពុំបានបញ្ជាក់ពីកាលបរិច្ឆេតនៃសមាជនោះទេ ៕