យោធាអ៊ីស្រាអែលបានទទួលស្គាល់ថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៧០.០០០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងសង្គ្រាម នៅតំបន់ហ្កាហ្សា បន្ទាប់ពីនៅមុននេះ ហាក់ដូចជាសង្ស័យពីចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ដោយមន្ត្រីសុខាភិបាលរបស់ដែនដីនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដែលបានរាយការណ៍ នៅថ្ងៃសុក្រ (ទី៣០ ខែមករា ឆ្នាំ២០២៦) នេះ ដោយដកស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់។
អង្គការសហប្រជាជាតិ (UN) បានទទួលយកជាយូរមកហើយនូវចំនួនអ្នកស្លាប់ដែលត្រូវបានកត់ត្រាដោយអាជ្ញាធរសុខាភិបាល នៅតំបន់ហ្កាហ្សា ដោយចាត់ទុកថា តួលេខត្រឹមត្រូវ។ អ៊ីស្រាអែលបានសង្ស័យការផ្ដល់ជូននោះ ដោយអះអាងថា ស្ថាប័នសុខាភិបាលនៅក្នុងតំបន់នេះ ត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស និងមិនអាចជឿជាក់បានឡើយ។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានបោះពុម្ពផ្សាយទាំងឈ្មោះ និងអាយុរបស់អ្នកដែលខ្លួនកត់ត្រាថា ត្រូវបានសម្លាប់។ ឥឡូវនេះស្ថាប័ននេះឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់មានចំនួនជាង ៧១.០០០នាក់ ក្នុងនោះរួមមានទាំងអ្នកស្លាប់ជាង ៤៨០នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល គិតចាប់តាំងពីការចាប់ផ្តើមនូវបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីខែតុលាឆ្នាំមុន។
ជាមួយគ្នានេះ ស្ថាប័ននេះបន្ថែមថា មនុស្សរាប់ពាន់នាក់ទៀត នៅតែកប់ក្រោមគំនរបាក់បែក ក្នុងទីក្រុងដែលរងការបំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា ដោយបានសង្កត់ធ្ងន់ថា ខ្លួនមិនបានបែងចែក រវាងជនស៊ីវិល និងយុទ្ធជននោះទេ ប៉ុន្តែបានកំណត់អត្តសញ្ញាណអ្នកស្លាប់ភាគច្រើនជាស្ត្រី ឬកុមារ។
ដោយដកស្រង់សេចក្ដីសង្ខេបព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ជាមួយមន្ត្រីយោធាជាន់ខ្ពស់ គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល និងប្រព័ន្ធផ្សព្វផ្សាយឈានមុខគេផ្សេងទៀត បានរាយការណ៍ថា យោធាបានយល់ស្របលើប៉ាន់ស្មានស្រដៀងគ្នានេះ។ គេហទំព័រ Ynet បានដកស្រង់សម្តីមន្ត្រីម្នាក់ ដែលបាននិយាយថា៖ «នៅក្នុងការប៉ាន់ស្មានរបស់យើង ប្រជាជនហ្កាហ្សាប្រហែល ៧០.០០០នាក់ ត្រូវបានសម្លាប់ អំឡុងសង្គ្រាម ដោយមិនរាប់បញ្ចូលអ្នកបាត់ខ្លួនទេ។ យើងកំពុងធ្វើការបែងចែក រវាងភេរវករ និងអ្នកដែលមិនពាក់ព័ន្ធ»៕