អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៣០ ខែមករា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ១៧០នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាស ពីសំណាក់យោធាមីយ៉ាន់ម៉ា ដែលបានធ្វើឡើងជាង ៤០០លើក ពោលគឺជិត ២ខែ ក្នុងរង្វង់រយៈពេលនៃការបោះឆ្នោត ជាដំណើរការដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយ។
ការិយាល័យសិទ្ធិមនុស្សរបស់ UN បានបញ្ជាក់ថា «ប្រភពដែលអាចទុកចិត្តបាន» បានផ្ទៀងផ្ទាត់ថា យ៉ាងហោចណាស់ «ជនស៊ីវិល ១៧០នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់យោធាប្រហែល ៤០៨លើក ដែលត្រូវបានរាយការណ៍ដោយប្រភពបើកចំហ ក្នុងអំឡុងពេលមានការបោះឆ្នោត រវាងខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦»។
ហើយលោក James Rodehaver ប្រធានក្រុមការិយាល័យសិទ្ធិមនុស្សមីយ៉ាន់ម៉ា បានព្រមានថា ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ។
ការអត្ថាធិប្បាយរបស់លោកនេះ បានកើតឡើងស្របពេលមានការមិនពេញចិត្តជាសកល ជុំវិញការបោះឆ្នោតរយៈពេល ១ខែរបស់ប្រទេសមីយ៉ាន់ម៉ា ដែលអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ បានច្រានចោលមិនទទួលស្គាល់ ដោយចាត់ទុកថា គ្រាន់តែជាប្ដូរការគ្រប់គ្រងរបស់កងទ័ពប៉ុណ្ណោះ ពោលគឺ ៥ឆ្នាំបន្ទាប់ពីមានរដ្ឋប្រហារដែលបានផ្តួលរំលំមេដឹកនាំប្រជាធិបតេយ្យដ៏ពេញនិយម គឺលោកស្រី អ៊ុងសាន ស៊ូជី។
លោក Volker Turk ប្រធានសិទ្ធិមនុស្សរបស់ UN បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃទី៣០ ខែមករានេះថា៖ «ភាពអស់សង្ឃឹមរីករាលដាលគ្រប់ទិសទីដែលប្រជាជនមីយ៉ាន់ម៉ាមាន ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ឥឡូវនេះ មានសភាពកាន់តែជ្រៅទៅៗ ដោយសារតែការបោះឆ្នោតថ្មីៗនេះ ដែលរៀបចំឡើងដោយយោធា»៕