ទីភ្នាក់ងាររដ្ឋាភិបាលអ៊ីស្រាអែលដែលសម្របសម្រួលគោលនយោបាយស៊ីវិល នៅតំបន់ហ្កាហ្សា ហៅកាត់ថា COGAT បានឲ្យដឹងនៅថ្ងៃសុក្រ (ទី៣០ ខែមករា ឆ្នាំ២០២៦) នេះថា អ៊ីស្រាអែលនឹងបើកច្រកឆ្លងកាត់ព្រំដែន Rafah ឡើងវិញ នៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីឲ្យប្រជាជនធ្វើដំណើរ រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប។
COGAT បានបញ្ជាក់ថា៖ «ការវិលត្រឡប់របស់ប្រជាជនពីអេហ្ស៊ីបទៅកាន់តំបន់ហ្កាហ្សា នឹងត្រូវបានអនុញ្ញាត ដោយមានការសម្របសម្រួលជាមួយអេហ្ស៊ីប សម្រាប់តែប្រជាជនដែលបានចាកចេញពីហ្កាហ្សា ក្នុងអំឡុងពេលសង្គ្រាមប៉ុណ្ណោះ ហើយអាចធ្វើទៅបាន លុះត្រាតែបន្ទាប់ពីមានការអនុម័តសន្តិសុខជាមុនដោយអ៊ីស្រាអែលប៉ុណ្ណោះ»។
ច្រកឆ្លងកាត់ Rafah គឺជាផ្លូវតែមួយគត់ដែលចេញពី ឬចូលតំបន់ហ្កាហ្សា សម្រាប់មនុស្សស្ទើរតែទាំងអស់ជាង ២លាននាក់ដែលរស់នៅទីនោះ។
អ៊ីស្រាអែលបានដណ្ដើមកាន់កាប់ច្រកឆ្លងកាត់ព្រំដែននេះ នៅក្នុងខែឧសភា ឆ្នាំ២០២៤ ពោលគឺប្រហែល ៩ខែ នៅក្នុងសង្គ្រាមហ្កាហ្សា។ ការបើកច្រកនេះឡើងវិញ គឺជាតម្រូវការសំខាន់មួយក្រោមដំណាក់កាលដំបូងនៃផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានធ្វើឡើងបន្ទាប់ពីមានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា កាលពីខែតុលា ឆ្នាំ២០២៥។
អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួននឹងបើកវាឡើងវិញ លុះត្រាតែបានទទួលបានសាកសពចំណាប់ថ្នូរអ៊ីស្រាអែលចុងក្រោយ នៅតំបន់ហ្កាហ្សា ដែលបានកើតឡើងហើយនៅសប្តាហ៍នេះ៕