មេដឹកនាំឧទ្ទាមដ៏មានឥទ្ធិពលម្នាក់ បានចាត់ទុកកិច្ចព្រមព្រៀងរ៉ែសំខាន់រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ពាក់ព័ន្ធនឹងតំបន់ភាគខាងកើតរងគ្រោះដោយសារសង្រ្គាមនោះ ថាជាកំហុសដ៏ធ្ងន់ធ្ងរមួយ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ។
លោក Corneille Nangaa ដែលដឹកនាំក្រុមសម្ព័ន្ធកុងហ្គោ Fleuve រួមទាំងក្រុមឧទ្ទាម M23 បានថ្លែងបែបនេះ ចេញពីទីក្រុងភាគខាងកើត Goma ដែលកាន់កាប់ដោយក្រុមឧទ្ទាម ។
វាមានរយៈពេល ១ឆ្នាំមកហើយ ចាប់តាំងពីក្រុមឧទ្ទាម M23ដណ្តើមបានគ្រប់គ្រងទីក្រុង Goma ដែលមានពលរដ្ឋរស់នៅជាង ២លាននាក់ អំឡុងការប្រយុទ្ធគ្នាទ្រង់ទ្រាយធំបំផុតនៅភាគខាងកើតកុងហ្គោ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
លោក Nangaa និយាយថា ក្រុមឧទ្ទាម បានធ្វើឲ្យទីក្រុង Goma ក្លាយជាទីក្រុងមានសន្តិសុខ ។ គ្មានក្រុមចោរប្រដាប់អាវុធទៀតនោះទេ ។ អ្នកលែងឮសំឡេងផ្ទុះគ្រាប់កាំភ្លើងទៀតហើយ នៅក្នុងទីក្រុង Goma មិនដូចកាលពីមុននោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ នៅលើដងផ្លូវទូទាំងទីក្រុង Goma អគារមួយចំនួនក្នុងចំណោមអគារសំខាន់បំផុត នៅតែបន្តបិទទ្វារ ។ នៅលើដងផ្លូវមួយខ្សែ ឡូហ្គោពណ៌លឿង និងខ្មៅនៅលើធនាគារ Rawbank បានបិទនៅលើទ្វារចាក់សោរ ហើយនិងម៉ាស៊ីនដកប្រាក់ ATM បិទដំណើរការ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី ២៧ ខែមករា ឆ្នាំ ២០២៥ ក្រុមឧទ្ទាម M23 រឹបអូសបានទីក្រុង Goma មុនពេលពួកគេរុលទៅកាន់កាប់តំបន់ភាគខាងកើតកុងហ្គោ ហើយនិងដណ្តើមគ្រប់គ្រងទីក្រុងសំខាន់ៗជាច្រើនទៀត ក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែប៉ុណ្ណោះ ៕