នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាការងារបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងទិន្នន័យមន្ត្រី នៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំនួន៥ រួមមាន៖ ១)ក្រសួងកិច្ចការនារី ២)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៣)ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ៤)ក្រសួងទេសចរណ៍ ៥)ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គួររម្លឹកថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនេះ គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។ ការធ្វើជំរឿនមន្ត្រីនេះ មានដំណាក់កាលសំខាន់ៗចំនួន២ គឺ ដំណាក់កាលទី១ គឺការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធតាមប្រព័ន្ធឌីជីថល និងដំណាក់កាលបន្ទាប់ គឺការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពគោលដៅនីមួយៗ មុននឹងឈានដល់ការអនុវត្តនីតិវិធីជាបន្ត៕









