បាល់ទាត់៖ ក្រុមយក្សអេស្ប៉ាញ Real Madrid បានបន្តដំណើរជោគជ័យរបស់ខ្លួននៅក្របខណ្ឌអេស្ប៉ាញ La Liga ក្រោយយកឈ្នះនៅទឹកដី Real Mallorca ៣-០ ឡើងនាំមុខដាច់ ១០ពិន្ទុត្រឹមសប្ដាហ៍ទី២៨។

បន្ទាប់ពីវគ្គទី១ គ្មានគ្រាប់បាល់បញ្ចូលទី Vinicius Jr. បើកការនាំមុខឱ្យ Real Madrid នៅវគ្គទី២ នាទីទី៥៥ មុនពេលដែលខ្សែប្រយុទ្ធបារាំង Karim Benzema បន្តបង្កើតស្ថិតិស៊ុតបញ្ចូលទីរបស់ខ្លួនដោយរកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៧៧ ដោយបាល់ពិន័យ ១១ម៉ែត្រ និងមួយគ្រាប់ទៀតនៅនាទីទី៨២។ Karim Benzema មុនរកបានពីរគ្រាប់យប់មិញ ទើបតែធ្វើបាន Hat-Trick ឱ្យ Real Madrid វាយបកពីក្រោយយកឈ្នះ Paris Saint Germain ឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League កាលពីសប្តាហ៍មុន។
ជ័យជំនះនេះបានធ្វើឱ្យ Real Madrid ឡើងនាំមុខដាច់ដល់ទៅ ១០ពិន្ទុនៅក្របខណ្ឌអេស្ប៉ាញ La Liga ត្រឹមសប្តាហ៍ទី២៨ នេះពីលើក្រុមលេខ២ Sevilla ដែលប្រកួតបាន ២៨ប្រកួតដូចគ្នា ខណៈ Barcelona ឈរលេខ៣ តាមពីក្រោយ ១៥ពិន្ទុតែនៅសល់ ១ប្រកួតក្នុងដៃ៕
អត្ថបទ៖នាង សុភាវុធ