ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥២) កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងអនុវត្តទម្រង់ពិធីកម្មនានា ឲ្យបានត្រឹមត្រូវតាមក្បួនតម្រាច្បាប់ពីបុរាណ។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥២) ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២២៤ អង្គ/នាក់ ក្នុងនោះព្រះសង្ឃ៣៧អង្គ និងស្រ្តី៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ។
ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរនេះ អាចប្រព្រឹត្តឡើងទៅបានដោយភាពរលូន និងជាបន្តបន្ទាប់ គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជាយើង ជាប្រទេសដែលមានស្ថិរភាពនយោបាយ មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងបរិការណ៍នេះ ការតម្រង់ទិស តាមរយៈការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរ ទើបជាយន្តការចាំបាច់ និងមានសារៈសំខាន់ណាស់ សម្រាប់ឱ្យការរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ មានភាពរលូន អនុលោមតាមក្បួន តម្រាពីបុរាណ និងឯកសារដែលមាននៅសេសសល់ ហើយក៏ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍប្រពៃណីទំនៀមទម្លាប់មរតកដូនតាយើងឱ្យបានគង់វង្ស និងមានគុណភាព ដើម្បីដឹកនាំពិធីបុណ្យ តាមបែបព្រះពុទ្ធសាសនាផង និងទំនៀមទម្លាប់ពីបុរាណផង ព្រោះពិធីទាំងនេះ ចាំបាច់ទាមទារឱ្យមានបណ្ឌិតជន អ្នកចេះដឹងជួយដឹកនាំដល់សាធារណជន ឱ្យ អនុវត្តបានត្រឹមត្រូវ លើគោលឯកភាពគ្នាមួយ ហើយអ្នកចេះដឹងនោះ លោកហៅថា “អាចារ្យ”។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានរំលឹកផងដែលថា ឫសគល់បញ្ញវ័ន្ត អ្នកប្រាជ្ញ បណ្ឌិត ដែលជាអ្នកចេះដឹង មិនថាជាព្រះសង្ឃ ឬគ្រហស្ថ អាចារ្យ អាចារិនី រួមទាំងប្រជាពលរដ្ឋទូទៅ ត្រូវបានធ្វើគត់ កាប់សម្លាប់គ្មានត្រាប្រណីនៅក្នុងរបបខ្មែរក្រហម ប៉ុន្តែក្រោយពីប្រទេសជាតិ និងប្រជាជន ត្រូវបានរំដោះពីនឹមប្រល័យពូជសាសន៍ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងព្រះពុទ្ធសាសនា ពាហិរសាសនា ប្រពៃណី ទំនៀមទម្លាប់ ត្រូវបានស្ដារឡើងវិញពីចំណុចសូន្យ។ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល គ្រប់នីតិកាល នៃរដ្ឋសភា គ្រប់វិស័យត្រូវបានស្ដារនិងអភិវឌ្ឍរហូតធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ៕
អត្ថបទ រដ្ឋា











