វិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ (ទី៣០ ខែមករា) បានឲ្យដឹងថា លោកប្រធានាធិបតី Vladimir Putin បានយល់ព្រមបញ្ឈប់ការវាយប្រហារលើទីក្រុងគីវរយៈពេល ១សប្តាហ៍ ដែលត្រូវបញ្ចប់នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីមានសំណើពីសមភាគីអាមេរិករបស់លោក គឺលោក Donald Trump។
លោក Trump បាននិយាយថា លោកបានស្នើឲ្យលោក Putin បញ្ឈប់ការវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន និងតំបន់ជុំវិញ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។ ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានបញ្ជាក់ថា មេដឹកនាំអាមេរិកបានធ្វើការអំពាវនាវនេះ ក្នុងគោលបំណងជួយដល់ដំណើរការចរចាដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាមជិត ៤ឆ្នាំ រវាងប្រទេសជិតខាងទាំង២។
ការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញថាមពលរបស់អ៊ុយក្រែន បានធ្វើឲ្យតំបន់ទាំងមូលជាច្រើនគ្មានប្រព័ន្ធកម្ដៅ ដោយសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ប្រហែលដក ៣០អង្សាសេ ក្នុងទីក្រុងគីវ នៅប៉ុន្មានថ្ងៃខាងមុខ ដែលនាំឲ្យមានការភ័យខ្លាចខ្លាំងឡើងៗពីការកើតវិបត្តិមនុស្សធម៌។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «ខ្ញុំអាចនិយាយបានថា លោកប្រធានាធិបតី Trump ពិតជាបានស្នើសុំផ្ទាល់ខ្លួនទៅកាន់លោកប្រធានាធិបតី Putin ឲ្យចៀសវាងការវាយប្រហារលើទីក្រុងគីវ រយៈពេលមួយសប្តាហ៍ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចចរចា»។
យ៉ាងណាក្ដី ទាំងមេដឹកនាំអាមេរិក និងទីក្រុងមូស្គូ មិនបានបញ្ជាក់ពីវេលាដែលលោក Trump បានស្នើសុំលោក Putin នោះឡើយ។ សប្តាហ៍នេះ អ៊ុយក្រែនមិនបានរាយការណ៍នោះទេ ពីការបាញ់ស្រោច ដោយយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំដែលរុស្ស៊ីតែងបានធ្វើ អំឡុងការវាយប្រហារលើទីក្រុងគីវពេញមួយសង្គ្រាមនេះ៕