អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានអំពីស្ថានភាពហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរដែលអង្គការនេះកំពុងជួបប្រទះ ដោយសារតែការមិនបង់ថ្លៃវិភាគទានដោយបណ្ដារដ្ឋជាសមាជិក។
នៅក្នុងលិខិតដែលបានផ្ញើទៅកាន់រដ្ឋជាសមាជិក ដែលត្រូវបានទទួលដោយសារព័ត៌មាន Anadolu កាលពីថ្ងៃសុក្រ (ទី៣០ ខែមករា) លោក Guterres បានសង្កត់ធ្ងន់លើ «ភាពធ្ងន់ធ្ងរ» នៃស្ថានភាពនេះ ហើយបានបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ន គឺខុសពីមុនទាំងស្រុង»។
ដោយចាត់ទុកស្ថានភាពនេះថា «មិនអាចបន្តបានទៀត» នោះ លោកបានបញ្ជាក់ថា៖ «ការសម្រេចមិនគោរពការចូលរួមវិភាគទាន ដែលផ្តល់ហិរញ្ញប្បទានដល់ចំណែកសំខាន់នៃថវិកាធម្មតាដែលត្រូវបានយល់ព្រម ឥឡូវនេះត្រូវបានប្រកាសជាផ្លូវការហើយ»។
លោកបានពន្យល់យ៉ាងច្បាស់លាស់នូវជម្រើសចំនួន២ ដែលនោះគឺ «រដ្ឋជាសមាជិកត្រូវតែយល់ព្រមកែប្រែប្តូរច្បាប់ហិរញ្ញវត្ថុរបស់យើង ឬបើមិនដូច្នោះទេ ព្រមទទួលយកការរំពឹងទុកពិតប្រាកដនៃការដួលរលំហិរញ្ញវត្ថុរបស់ស្ថាប័នយើង»។ លោកបានសង្កត់ធ្ងន់ថា «ម្យ៉ាងវិញទៀត យើងជាប់ក្នុងស្ថានភាពដ៏លំបាក ខណៈរំពឹងថា នឹងទទួលបានប្រាក់ដែលមិនមានសោះឡើយ»។
ដោយកត់សម្គាល់ថា ការគ្រប់គ្រងសាច់ប្រាក់បច្ចុប្បន្នរបស់ UN លែងអាចធ្វើបានទៀតហើយ លោកបាននិយាយថា «ក្រោមច្បាប់ហិរញ្ញវត្ថុបច្ចុប្បន្ន យើងកាន់តែសន្សំ យើងនឹងកានតែទទួលផលវិបាក។
លោកបានសង្កត់ធ្ងន់ថា UN «បានបញ្ចប់ឆ្នាំ២០២៥ ជាមួយនឹងចំនួនខ្ពស់បមភុត ១,៥៦៨ពាន់លានដុល្លារនៃបំណុលដែលមិនទាន់បានបង់ ដែលច្រើនជាងទ្វេដងនៃឆ្នាំមុន»។ លោកបានព្រមានថា បើគ្មានការកែលម្អយ៉ាងខ្លាំងក្នុងការប្រមូលប្រាក់ទេនោះ UN នឹងមិនអាច «អនុវត្តថវិកាកម្មវិធីឆ្នាំ២០២៦ ដែលត្រូវបានអនុម័តក្នុងខែធ្នូបានពេញលេញឡើយ»៕