អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមM 23 បានបញ្ជាក់កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់អ្នករុករករ៉ែ ២០០ នាក់ បានស្លាប់ បន្ទាប់ពីអណ្តូងរ៉ែជាច្រើន បានបាក់ស្រុត នៅតំបន់រ៉ែ coltan ក្នុងទីក្រុង Rubaya ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា ជនរងគ្រោះភាគច្រើន គឺជាអ្នករុករករ៉ែ ដែលត្រូវបានកប់នៅក្នុងអណ្តូងរ៉ែ ដោយបន្ថែមថា កុមារ និងស្ត្រី ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។
ការបាក់ស្រុតអណ្តូងរ៉ែទាំងនោះ បានកើតឡើង កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់រ៉ែ coltan ក្នុងទីក្រុង Rubaya ដែលជាតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ចាប់តាំងពីខែមេសា ឆ្នាំ ២០២៤។
តំបន់រ៉ែ Coltan គឺជាប្រភពសំខាន់នៃធាតុគីមីតានតាលូម (tantalum) ដែលជាលោហៈដ៏កម្រត្រូវប្រើក្នុងការផលិតឧបករណ៍អេឡិចត្រូនិចទំនើបៗ។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា អណ្តូងរ៉ែដែលនៅក្នុងទីក្រុង Rubaya នេះ មានចំនួនប្រហែល ១៥ ភាគរយនៃការផ្គត់ផ្គង់ tantalum ទូទាំងពិភពលោក៕