រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយ នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រថា អ៊ីរ៉ង់មានឆន្ទៈក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែ «មិនអាចចាប់ផ្តើម ក្រោមការគំរាមកំហែងបានទេ»។
លោក Araghchi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីទួរគីរបស់ខ្លួន គឺលោក Hakan Fidanថា៖«សហរដ្ឋអាមេរិក មិនបានបង្ហាញសុច្ឆន្ទៈទេ ហើយមិនដែលគួរឲ្យជឿទុកចិត្តឡើយ។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែត្រៀមខ្លួនសម្រាប់ដំណើរការការទូតទាំងស្រុង ហើយមានឆន្ទៈអង្គុយនៅតុចរចា»។
លោក Araghchi បាននិយាយថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយោទាំងអស់ មិនថា សង្គ្រាម ឬការទូតទេ ហើយថែមទាំងត្រៀមខ្លួនបានល្អជាងកាលពីខែមិថុនា ឆ្នាំមុន នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់។
លោកបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់មិនដែលស្វែងរកអាវុធនុយក្លេអ៊ែរទេ ដោយបន្ថែមថា ប្រទេសនេះ «នឹងរក្សា និងពង្រីកសមត្ថភាពការពារជាតិរបស់យើង ហើយនឹងមិនចរចាអំពីពួកវាទេ»។
ក្នុងអំឡុងពេលសន្និសីទនោះ លោក Fidan បានជំរុញឲ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកវិលត្រឡប់ទៅរកតុចរចាវិញភ្លាមៗ ដោយកត់សម្គាល់ថា ការទូត គឺជាមធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត នៅក្នុងតំបន់៕