ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង ២ ០៧៤ ប៊ីលានរៀល ត្រូវប្រមាណជាង ៥១២ លានដុល្លារ កើនឡើង ២២,៦៩ភាគរយ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ថា ជុំវិញការអនុវត្តចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការប្រមូលចំណូលពន្ធក្នុងខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជាង ៩០៧ ប៊ីលានរៀល ត្រូវប្រមាណជិត ២២៤ លានដុល្លារ ស្មើនឹង ៧,៩៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ឃើញថា កើនឡើងជាង ៩៦ ប៊ីលានរៀល ត្រូវជិត ២៤ លានដុល្លារ ស្មើនឹង ១១,៨៤%។
ចំណែកការអនុវត្តអនុវត្តរយៈពេល ២ខែ ដើមឆ្នាំ២០២២នេះវិញ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជាង ២ ០៧៤ ប៊ីលានរៀល ត្រូវប្រមាណជាង ៥១២លានដុល្លារ ស្មើនឹង ១៨,១៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ ឃើញថា កើនឡើងជាង ៣៨៣ ប៊ីលានរៀល ត្រូវប្រមាណជិត ៩៥ លានដុល្លារអាមេរិក ស្មើនឹង ២២,៦៩%។
ឯកឧត្តម គង់ វិបុល បន្តឲ្យដឹងថា សម្រាប់ការប្រមូលចំណូលក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ, ចំណូលប្រភេទពន្ធសំខាន់ៗចំនួន ៥ ប្រភេទ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១។
សូមបញ្ជាក់ថា៖ សម្រាប់ឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលបានកំណត់ការប្រមូលចំណូល របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១១ ៤១៩ ប៊ីលានរៀល ត្រូវជាង ២ ៨១៩លានដុល្លារ។
អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ រួមជាមួយវិធានការសំខាន់ៗមួយចំនួន ដើម្បីអនុវត្តឲ្យបានសម្រេចតាមផែនការ ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ៕ អត្ថបទ៖ សុន រ៉ាឌី
