ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel កាលពីថ្ងៃសុក្រ (ទី៣០ ខែមករា) បានរិះគន់ក្រឹត្យថ្មីរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងរារាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសគុយបា ដោយហៅវាថាជា «ទង្វើឧក្រិដ្ឋ» និងប្តេជ្ញាប្រឆាំងនឹងចំណាត់ការនេះនៅលើឆាកអន្តរជាតិ។
ក្រឹត្យដែលបានប្រកាសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (ទី ២៩ ខែមករា) ដាក់ពន្ធលើប្រទេសដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបា ដោយលើកឡើងពី «ការគំរាមកំហែងមិនធម្មតា និងដ៏ធ្ងន់ធ្ងរ» ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Diaz-Canel បានថ្លែងថា ប្រទេសគុយបា នឹងស្វែងរកការគាំទ្រ និងការថ្កោលទោសពីអន្តរជាតិ ដោយសង្កត់ធ្ងន់ថា ការសន្ទនាជាមួយសហរដ្ឋអាមេរិក ត្រូវតែផ្អែកលើការគោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នា។ លោកបានសួរនៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋគុយបាថា៖«តើចក្រភពមួយមានសិទ្ធិអ្វីក្នុងការបដិសេធមិនផ្តល់ប្រេងឥន្ធនៈដល់ប្រទេសតូចមួយ ដែលខ្លួនត្រូវការ ដើម្បីអភិវឌ្ឍន៍នោះ?»។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលអានដោយពិធីករព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលគុយបា បានពិពណ៌នាអំពីចំណាត់ការនេះថា ជាការរំលោភលើច្បាប់អន្តរជាតិ និងជាការវាយប្រហារលើសន្តិភាពក្នុងតំបន់។ ប្រទេសគុយបា ធ្លាប់បានស្នើសុំចូលរួមសន្ទនាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែបដិសេធការចរចា ក្រោមសម្ពាធ៕