ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានជំរុញឲ្យកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធកងទ័ពជើងទឹកបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃដែលបានប្រកាសនៅក្នុងច្រកសមុទ្រ Hormuz ប្រកបដោយលក្ខណៈសុវត្ថិភាព និងវិជ្ជាជីវៈ។
ទោះបីជាទទួលស្គាល់ថា អ៊ីរ៉ង់មានសិទ្ធិធ្វើប្រតិបត្តិការ ទាំងនៅក្នុងដែនអាកាស និងដែនទឹកអន្តរជាតិក៏ដោយ ក៏ CENTCOM បានព្រមានអំពីផលវិបាកនៃអាកប្បកិរិយាមិនមានវិជ្ជាជីវៈ។
សេចក្តីថ្លែងការណ៍ផ្លូវការមួយដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានបញ្ជាក់ថា៖ «អាកប្បកិរិយាមិនមានសុវត្ថិភាព ឬមិនមានវិជ្ជាជីវៈណាមួយ នៅក្បែរកងកម្លាំងអាមេរិក ដៃគូក្នុងតំបន់ ឬនាវាពាណិជ្ជកម្មបង្កើនហានិភ័យឲ្យមានការប៉ះទង្គិចគ្នា ការកើនឡើងនូវភាពតានតឹង និងអស្ថិរភាព»។
CENTCOM បានបន្ថែមថា ខ្លួននឹងធានាសុវត្ថិភាពរបស់បុគ្គលិក នាវា និងយន្តហោះអាមេរិកដែលកំពុងប្រតិបត្តិការ នៅតំបន់មជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា៖ «យើងនឹងមិនអត់ឱន ចំពោះសកម្មភាពមិនមានសុវត្ថិភាពរបស់ IRGC ក្នុងនោះរួមមានទាំងការហោះហើរ លើនាវាយោធាអាមេរិកដែលចូលរួមក្នុងប្រតិបត្តិការហោះហើររយៈកម្ពស់ទាប ឬការហោះហើរដោយមានអាវុធពីលើធនធានយោធាអាមេរិក នៅពេលដែលចេតនាមិនច្បាស់លាស់ ការប្រើទូកល្បឿនលឿនចូលកៀក ជាដំណើរទៅរកការប៉ះទង្គិចជាមួយនាវាយោធាអាមេរិក ឬអាវុធដែលតម្រង់ទៅកងកម្លាំងអាមេរិក»៕