មន្ទីរពេទ្យ នៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២នាក់បាត់បង់ជីវិត នៅថ្ងៃសៅរ៍ (ទី៣១ ខែមករា) នេះ ជាចំនួនអ្នកស្លាប់ខ្ពស់បំផុតមួយ គិតចាប់តាំងពីមានកិច្ចព្រមព្រៀងកាលខែតុលាឆ្នាំមុន ដែលធ្វើឡើងក្នុងគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា។
មន្ត្រីនៅមន្ទីរពេទ្យ ដែលបានទទួលសាកសព បានប្រាប់ថា វាយប្រហារ បានវាយប្រហារលើទីតាំងនានា នៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងលើអគារអាផាតមិនមួយខ្នង ក្នុងទីក្រុងហ្កាហ្សា និងតង់មួយនៅទីក្រុង Khan Younis។ អ្នកស្លាប់រួមមានទាំងស្ត្រី ២នាក់ និងកុមារ ៦នាក់ មកពីគ្រួសារផ្សេងគ្នាចំនួន ២។
ចំណែកមន្ទីរពេទ្យ Shifa បានឲ្យដឹងថា ការវាយប្រហារ នៅទីក្រុងហ្កាហ្សា បានសម្លាប់ម្តាយម្នាក់ កូន ៣នាក់ និងសាច់ញាតិម្នាក់របស់ពួកគេ ខណៈដែលមន្ទីរពេទ្យ Nasser បានអះអាងថា ការវាយប្រហារ នៅក្នុងជំរំតង់មួយ បានបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ ដោយបានផ្ដាច់ជីវិតមនុស្ស ៧នាក់ ដែលរួមមានឪពុកម្នាក់ កូន ៣នាក់ និងចៅ ៣នាក់របស់គាត់។
អាជ្ញាធរសុខាភិបាលហ្កាហ្សា បានកត់ត្រាជនជាតិប៉ាឡេស្ទីនជាង ៥០០នាក់ ដែលត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងរបស់អ៊ីស្រាអែល គិតចាប់តាំងពីដើមដំបូងនៃបទឈប់បាញ់ កាលពីថ្ងៃទី១០ ខែតុលា។ ស្ថាប័នដែលជាផ្នែកមួយនៃរដ្ឋបាលដឹកនាំដោយក្រុមហាម៉ាស បន្តកត់ត្រាអ្នកស្លាប់ ឬរបួសយ៉ាងលម្អិត ដែលត្រូវបានគេមើលឃើញថា អាចទុកចិត្តបានជាទូទៅដោយភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកជំនាញឯករាជ្យ។
យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណួរសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើង អំពីការវាយប្រហារនេះ៕