អឺរ៉ុបបានបដិសេធការអះអាងរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ដែលថា អ៊ុយក្រែនមិនបានទទួលមីស៊ីលជំនាន់ក្រោយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដោយសារតែប្រទេសអឺរ៉ុប ត្រូវបានគេចោទប្រកាន់ថា មិនបានបង់ប្រាក់សម្រាប់ការដឹកជញ្ជូនពីសហរដ្ឋអាមេរិក ក្រោមកម្មវិធី PURL (បញ្ជីតម្រូវការអាទិភាពរបស់អ៊ុយក្រែន) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
មន្ត្រីអឺរ៉ុបពីររូបដែលដឹងអំពីការបញ្ជូនអាវុធរបស់កម្មវិធីនេះ បានសង្កត់ធ្ងន់ថា ការអះអាងទាំងនេះ គឺមិនត្រឹមត្រូវ ទោះបីជាពួកគេមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។
នាពេលកន្លងមក លោក ហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែនមិនបានទទួលមីស៊ីល Patriot បន្ថែមពីសហរដ្ឋអាមេរិកទេ ដោយសារតែប្រទេសអឺរ៉ុប មិនបានបង់ប្រាក់សម្រាប់ការដឹកជញ្ជូន ក្រោមកម្មវិធី PURL។
លោកបានកត់សម្គាល់ថា៖«សហរដ្ឋអាមេរិកមិនផ្តល់ឲ្យយើងនូវមីស៊ីលដោយឥតគិតថ្លៃទេ។ យើងអាចមានអាកប្បកិរិយាខុសគ្នាចំពោះរឿងនេះ។ ពួកវាត្រូវបានបង់ដោយអឺរ៉ុប។ កញ្ចប់នេះ មិនត្រូវបានបង់ក្រោមកម្មវិធី PURL ទេ។ មីស៊ីលទាំងនោះ មិនបានមកដល់ទេ»៕