ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំនេះ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ និងឯកឧត្តម Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កាលពីថ្ងៃទី១៤ ខែមីនា បានពិភាក្សាផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ និង១៧ ខែមីនាខាងមុខ។
ប្រភពខាងលើ បានឲ្យដឹងទៀតថា ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់បឋមលើរបៀបវារៈមួយចំនួន ដែលគ្រោង នឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតនោះ រួមមាន៖ ការតាមដានកិច្ចការបន្ត ស្របតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩, ការផ្លាស់ប្តូរមតិយោបល់អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងវឌ្ឍនភាពការងាររបស់អាស៊ានក្នុងការឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងការពិភាក្សាអំពីយុទ្ធសាស្ត្រអាស៊ានក្នុងការបង្កើនទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងប្រទេសដៃគូអាស៊ាន ជាពិសេសដើម្បីពន្លឿនការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ ឱ្យបានទាន់ពេលវេលាកំណត់ ជាដើម។ល។
ជាការឆ្លើយតប ភាគីសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យ នាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសកិច្ចប្រជុំចង្អៀតខាងមុខក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី នឹងបញ្ចប់ដោយរលូន ប្រកបដោយលទ្ធផលជោគជ័យ និងជាទីមោទនៈ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី មានទំហំសរុប ៤,៣៧ ប៊ីលានដុល្លារ ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២១ កើនឡើង ៥១,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕អត្ថបទ៖ឈិត បូរ៉ាវី