ស្របពេលសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា និងចេញការគំរាមកំហែងថ្មីៗ ប្រជាជនអ៊ីរ៉ង់ជាច្រើននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រើប្រាស់អំណាចយោធាដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធរបស់សហរដ្ឋអាមេរិកទេ។
ការបង្កើនសកម្មភាពនិងកម្លាំងយោធាជុំវិញអ៊ីរ៉ង់ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump ថ្មីៗនេះបានគាំទ្រការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់អ៊ីរ៉ង់។
ប្រជាជនអ៊ីរ៉ង់មួយចំនួនបានសួរអំពីកំណត់ត្រារបស់ទីក្រុងវ៉ាស៊ីនតោននៅបរទេស ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាតែងតែផ្តល់អាទិភាពដល់ផលប្រយោជន៍ផ្ទាល់ខ្លួនជាងតម្រូវការរបស់ប្រជាជនក្នុងតំបន់។
កាលពីថ្ងៃពុធ លោក Trump បាននិយាយថា កងនាវាដ៏ធំមួយ ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln និងធំជាងនាវាដែលធ្លាប់ដាក់ពង្រាយនៅវ៉េណេស៊ុយអេឡា កំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់ ហើយបានព្រមានទីក្រុងតេអេរ៉ង់ថា «ពេលវេលាជិតអស់ហើយ» ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ពីរថ្ងៃក្រោយមក លោក Trump បានអំពាវនាវឱ្យអ៊ីរ៉ង់វិលត្រឡប់ទៅរកការចរចាវិញសម្រាប់អ្វីដែលលោកបានពិពណ៌នាថាជា «កិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងស្មើភាព» ខណៈបានសង្កត់ធ្ងន់ម្តងទៀតអំពីវត្តមានដ៏រឹងមាំរបស់យោធាអាមេរិកនៅក្នុងតំបន់៕