ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការទាមទារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវបានថៃឈ្លានពាន និងគ្រប់គ្រងនោះ គឺរាជរដ្ឋាភិបាលនៅតែបន្តធ្វើ ដោយមិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពរបស់យើងនោះទេ គឺបន្តធ្វើនៅគ្រប់កន្លែងទាំងអស់ដែលថៃឈ្លានពាន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញ ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកប្រមាណ ២៥៩៦ គ្រួសារ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
សម្ដេចធិបតីបានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាជាមួយថៃ ដោយទាមទារនូវដែនអធិបតេយ្យភាព ទឹកដីស្របច្បាប់របស់ផ្អែកទៅលើយន្តការបច្ចេកទេស ការទូត និងច្បាប់ដែលមានស្រាប់ជាជាងការវាយគ្នា។
សម្ដេចថ្លែងបញ្ជាក់ថា ការងារវាស់វែង ការងារគ្រប់គ្រង ដោះស្រាយបញ្ហាព្រំដែននៅតែត្រូវគោរពតាមច្បាប់អន្តរជាតិ ដែលយើងធ្វើ។ រាជរដ្ឋាភិបាលមិនប្រកាន់យកការដោះស្រាយដោយការប្រើប្រាស់អំពើហិង្សានោះទេ ប៉ុន្ដែខិតខំដោះស្រាយដោយសន្ដិវិធី ប្រើច្បាប់ យន្តការការទូត និងបច្ចេកទេសព្រំដែន។
ក្នុងឱកាសនោះ សម្ដេចធិបតីបាន អំពាវនាវដល់បងប្អូនរក្សានៅស្មារតីសាមគ្គីភាពសាមគ្គីជាតិខ្មែររបស់យើង ដែលនេះជាគោលដៅសំខាន់ ខណៈពេលនេះជាពេលលំបាកសម្រាប់ជាតិរបស់យើង ជាពិសេសការលំបាករបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកផ្ទាល់តែម្ដង ប៉ុន្ដែការលំបាករបស់បងប្អូននេះ គឺជាការលំបាករបស់ជាតិខ្មែរទាំងមូល៕


