អនុប្រធានទី១ព្រឹទ្ធសភា បង្ហាញអំពីទង្វើបំពានច្បាប់អន្តរជាតិរបស់ថៃឈ្លានពានកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង APF នៅប្រទេសម៉ុងតេណេហ្គ្រោ

2026/02/02 02:55:52 pm        651

ភ្នំពេញ៖ អនុប្រធានទី១ ព្រឹទ្ធសភា បាន លាតត្រដាងការពិត បង្ហាញអំពីទង្វើបំពានច្បាប់អន្តរជាតិរបស់រដ្ឋាភិបាលក្រុងបាំងកក ជាពិសេសយោធាថៃ ដែលបានឈ្លានពានកម្ពុជាយ៉ាងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង APF នៅប្រទេសម៉ុងតេណេហ្គ្រោ។

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) និងជាអនុប្រធានសភាប្រើភាសាបារាំង គូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសភាប្រទេសម៉ុងតេណេហ្គ្រោ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីឡារីយ៉ុង អេតុង (Hilarion ETONG) ប្រធានសភាប្រើភាសាបារាំង។

នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តម នៅចំពោះមុខអង្គប្រជុំ ក្នុងរបៀបវារៈស្តីពី «ការពិនិត្យពិច័យលើស្ថានភាពនយោបាយដ៏ស្មុគស្មាញក្នុងតំបន់ប្រើប្រាស់ភាសាបារាំង» ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារសង្ខេបសំខាន់ៗដូចតទៅនេះ៖

• ស្ថានការណ៍នៅតាមបណ្តោយព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះកាន់តែគួរឱ្យព្រួយបារម្ភ ដោយសារតែគោលការណ៍ និងលិខិតុបករណ៍អន្តរជាតិដែលមានស្រាប់បង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះមិនត្រូវបានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះទេ។

• ក្នុងកម្រិតតំបន់ និងអន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់អំពីការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព។ ក្នុងកម្រិតទ្វេភាគី សន្ធិសញ្ញាឆ្នាំ១៩០៤ អនុសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយឯកសារអស់ទាំងនេះ បង្កើតបានជាបណ្តុំឧបករណ៍គតិយុត្តិដែលមានអានុភាពខាងច្បាប់បង្ខំឱ្យអនុវត្ត ដែលត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតអន្តរជាតិ ហើយដែលបានកំណត់យ៉ាងច្បាស់លាស់អំពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។

• លើសពីនេះ យន្តការរួមត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងភាពតានតឹងនៅលើទីតាំងផ្ទាល់រួមមាន៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលផ្តោតលើការសម្របសម្រួល និងបង្ការឧប្បត្តិហេតុនានា  និងគណៈកម្មការចម្រុះព្រំដែន (JBC) ទទួលបន្ទុកទិដ្ឋភាពបច្ចេកទេសនៃការបោះបង្គោលព្រំដែន។ ជាមួយគ្នានេះ ក៏មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដោយមានបញ្ជាក់ពីនីតិវិធីនៃកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការគ្រប់គ្រងស្ថានភាពរសើបនៅក្នុងតំបន់ព្រំដែន។

• ទោះបីជាមានយន្តការទាំងនេះក៏ដោយ ក៏ឧប្បត្តិហេតុនានានៅតែបន្តកើតមានជាញឹកញាប់ ហើយហានិភ័យនៃការរីករាលដាលជម្លោះនៅតែមានកម្រិតខ្ពស់។ មូលហេតុគឺដោយសារការមិនគោរពរបស់ភាគីថៃ ចំពោះឯកសារគតិយុត្តិដែលបានរៀបរាប់ខាងលើ ព្រមទាំងការព្យាយាមជាឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដើម (Status Quo) នៃដែនដី ដោយផ្អែកលើផែនទីដែលរៀបចំឡើងជាឯកតោភាគីដោយភាគីថៃ ដែលគ្មានមូលដ្ឋានច្បាប់ព្រមព្រៀងគ្នា ឬការទទួលស្គាល់ជាអន្តរជាតិនោះឡើយ។ ការងាកចេញពីក្របខណ្ឌនេះ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ក្នុងកំឡុងពេលនៃប្រតិបត្តិការយោធា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

• ដោយមិនគោរពតាមកិច្ចព្រមព្រៀងនេះ កងទ័ពថៃបានបន្តលុកលុយចូលក្នុងទឹកដីកម្ពុជារហូតដល់សាងសង់ឧបសគ្គផ្សេងៗ រួមមាន ខ្សែលួសបន្លា និងទូរកុងតឺន័រ រារាំងការចូលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិល និងធ្វើឱ្យការជម្លៀសប្រជាជនជាច្រើននៅតែបន្តអូសបន្លាយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ គឺអំពើអស់ទាំងនេះបានភ្ជាប់មកជាមួយនឹងវត្តមាន និងការគ្រប់គ្រងត្រួតត្រាជាបន្តបន្ទាប់នូវតំបន់មួយចំនួនដែលស្ថិតនៅយ៉ាងច្បាស់ក្នុងទឹកដីកម្ពុជា ដែលនេះបង្កើតឱ្យមានជាការកាន់កាប់ដោយខុសច្បាប់ ព្រមទាំងសកម្មភាពបំផ្លិចបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

ឯកឧត្តមបានបន្ថែមថា៖ លើសពីសោកនាដកម្មមនុស្សជាតិ ព្រលឹងវប្បធម៌កម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។ ប្រទេសជាតិយើងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញដល់ទីតាំង និងរូបសំណាកបេតិកភណ្ឌនានា។ រូបសំណាកព្រះវិស្ណុ និងទីតាំងបុរាណជាច្រើន រួមទាំងប្រាសាទព្រះវិហារ ដែលជានិមិត្តរូបសកលនៃសន្តិភាព និងទេពកោសល្យរបស់មនុស្សជាតិដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ត្រូវបានរងការប៉ះពាល់។ ការខូចខាតទាំងនេះមិនត្រឹមតែជាការបាត់បង់ក្នុងកម្រិតជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ករបួសស្នាមដល់កេរដំណែលរួមរបស់មនុស្សជាតិផងដែរ។ ការវាយប្រហារលើបេតិកភណ្ឌវប្បធម៌ គឺជាការធ្វើឱ្យរង្គោះរង្គើដល់ការចងចាំជាច្រើនសតវត្ស អត្តសញ្ញាណនៃប្រជាជាតិមួយ និងជាទ្រព្យសម្បត្តិដែលយើងមានកាតព្វកិច្ចរួមគ្នាក្នុងការផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ។

ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងជាអនុប្រធានសភាប្រើភាសាបារាំង បានសង្កត់ធ្ងន់ថា៖សកម្មភាពបែបនេះ គឺជាទង្វើផ្ទុយនឹងគោលការណ៍មូលដ្ឋាន ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋទាំងអស់ ការគោរពបូរណភាពទឹកដី និងការមិនប្រើប្រាស់ ឬគំរាមកំហែងដោយកម្លាំង។ ហេតុដូច្នេះ សំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងថា៖ តើយើងកំពុងមើលឃើញនូវការកើតមានឡើងនូវអ្វីដែលហៅថា «សណ្តាប់ធ្នាប់ថ្មី» ដែលច្បាប់កំណត់ដោយអ្នកខ្លាំង ឬការកើតឡើងវិញនៃនយោបាយបង្ខំឱ្យទទួលយកស្ថានភាពដែលបានបង្កើតរួច ដែលជាសំណល់ដ៏សោកសៅនៃបទបញ្ជាផ្អែកលើ «ការបង្ខិតបង្ខំ ជាជាងផ្អែកលើច្បាប់»?

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវចំពោះសភាប្រើភាសាបារាំង តាមរយៈការទូតសភា ចូលរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានអះអាងថា ព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មី នៅចំពោះមុខសភាប្រើភាសាបារាំងនូវគោលការណ៍គ្រឹះ មិនប្រើប្រាស់កម្លាំងទ័ព ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ជម្រុញឱ្យមានការគោរពបទឈប់បាញ់ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់យន្តការដែលមានស្រាប់ ប្រកបដោយសន្តិវិធី និងការសន្ទនានៅក្នុងស្មារតីទទួលខុសត្រូវ ភាពអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការ។

ជាលទ្ធផល អង្គប្រជុំបានស្វាគមន៍ និងបង្ហាញនូវសាមគ្គីភាពចំពោះបទអន្តរាគមន៍របស់ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងបានសម្រេចបញ្ចូលរបាយការណ៍ស្តីពីអរិយភាពរវាងកម្ពុជា និងថៃ នៅក្នុងរបាយការណ៍គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារំាង (APF) ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ APF ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm