មីយ៉ាន់ម៉ា៖ ប្រជាជនរាប់ពាន់នាក់ នៅតំបន់ឧស្សាហកម្មយ៉ាងហ្គោន បានប្រជ្រៀតគ្នាធ្វើឲ្យកកស្ទះតាមផ្លូវនានាកាលពីថ្ងៃអង្គារ ស្របពេលពួកគេចាកចេញពីតំបន់នោះ ដើម្បីស្វែងរកសុវត្ថិភាព បន្ទាប់ពីនគរបាលសហភាពមីយ៉ាន់ម៉ា បានសម្លាប់ក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារជាង ៣០នាក់កាលពីចុងសប្តាហ៍ ហើយរោងចក្ររបស់ប្រទេសចិនចំនួន ៥ ត្រូវបានដុតបំផ្លាញ។

ការដុតបំផ្លាញបានជំរុញឲ្យមាន ការទាមទារទាំងកំហឹងពីទីក្រុងប៉េកាំង ដែលតម្រូវឲ្យការពារទ្រព្យសម្បត្តិ និងជនជាតិរបស់ពួកគេ។ វីដេអូដែលថតបាននៅពេលព្រឹក បានបង្ហាញពីការសម្រុកចាកចេញយ៉ាងច្រើនកកកុញ ដោយអ្នកខ្លះជិះរថយន្តឈ្នួល រថយន្តដឹកទំនិញ ទោចក្រយានយន្ត និងថ្មើរជើង។ ចរាចរណ៍ណែនណាន់តាន់តាប់នៅលើផ្លូវហាយវេ Hlaing Thar Yar ចេញពីទីក្រុងមួយនេះ។ មន្ត្រីជាន់ខ្ពស់ឥណ្ឌាបាននិយាយថា មនុស្សប្រហែល ១០០នាក់ភាគច្រើនជាមន្ត្រីនគរបាល និងក្រុមគ្រួសាររបស់ពួកគេ បានភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីការតវ៉ាបានចាប់ផ្តើម។ ភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយទៅកាន់មនុស្សពីរបីនាក់ ដែលបានបញ្ជាក់ថា ពួកគេជាមន្ត្រីនគរបាល និងបានរៀបរាប់ពីបទបញ្ជាពីថ្នាក់លើរបស់ពួកគេ ក្នុងការបង្ក្រាបបាតុករតាមបញ្ជារបស់យោធាមីយ៉ាន់ម៉ា ។
អង្គការសហប្រជាជាតិបាននិយាយថា មនុស្សចំនួន ៣៨នាក់ត្រូវបានសម្លាប់ដោយកងសន្តិសុខ នៅក្នុងទីក្រុងនេះកាលពីថ្ងៃអាទិត្យ ភាគច្រើននៃពួកគេគឺនៅតំបន់ Hlaing Thar Yar ខណៈដែលកម្លាំងសន្តិសុខបានបាញ់រះគ្រាប់ពិត ម្តងហើយម្តងទៀតទៅលើហ្វូងបាតុករ៕
អត្ថបទ៖ សុខមាន