បាល់ទាត់៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Rafl Rangnick បានទទូចឱ្យទាំងកីឡាករ និងអ្នកគាំទ្រពួតដៃគ្នានៅពេល Manchester United ជួប Atletico Madrid នៅ Old Trafford រាត្រីនេះជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។

ក្រុមទាំងពីរជួបគ្នានៅជើងទី១ កន្លងមកស្មើគ្នា ១-១ នៅទឹកដីអេស្ប៉ាញកាលពីថ្ងៃទី២៣ ខែកុម្ភៈ។ លោក Ralf Rangnick បានបញ្ជាក់ថា កីឡកររបស់លោកពេញទាំងអស់មិនមានបញ្ហារបួសឡើយ បូករួមទាំង Cristiano Ronaldo ផងដែរដែលទើបធ្វើបាន Hat-Trick យកឈ្នះ Tottenham Hotspur នៅ Premier League ចុងសប្តាហ៍កន្លងទៅ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះចង់ឱ្យកីឡាករទាំងអស់មានទំនុកចិត្ត និងទំរង់លេងដូចពេលយកឈ្នះ Spurs កន្លងទៅ ក៏ដូចជាអ្នកគាំទ្រដែលជាកំលាំងសំខាន់រាត្រីនេះ។
រំលឹកថា Manchester United ធ្លាប់ឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ចុងក្រោយបំផុតនៅឆ្នាំ ២០១៩ តែចាញ់ Barcelona សរុបទាំងពីរជើង ៤-០ នៅវគ្គនោះ។ ចំណែក Atletico Madrid អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Diego Simeone បានបង្ហាញក្តីបារម្ភពីការប្រកួតនៅទឹកដី Old Trafford ដែលផ្ទុយស្រឡះពីការប្រកួតនៅទឹកដីរបស់ខ្លួនដោយសង្កត់ធ្ងន់ថា លោកមិនប្រាកដថា កូនក្រុមនឹងធ្វើបានល្អតាមការគ្រោងទុកនោះទេ។ Atletico Madrid មានបញ្ហាកីឡាករមួយចំនួនផងដែរដូចជា Yannick Carrasco ដោយសារជាប់ពិន័យ Matheus Cunha, Daniel Weiss, Sime Vrsaljko និង Thomas Lemar សុទ្ធតែមានបញ្ហារបួស៕
អត្ថបទ៖នាង សុភាវុធ