លោកប្រធានាធិបតីអាមេរិក Donald Trump និយាយថា ការចរចាលើបញ្ហាដែនកោះ Greenland បានចាប់ផ្តើមហើយ និងបានសម្តែងក្តីសង្ឃឹមចំពោះ «កិច្ចព្រមព្រៀងល្អ» សម្រាប់ទាំងទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានអំពីថាតើលោកបានទាក់ទងជាមួយមេដឹកនាំអឺរ៉ុបអំពីបញ្ហាកោះ Greenland ដែរឬទេ លោកបានប្រកាសថាពួកលោកបានចាប់ផ្ដើមការចរចាហើយ រូបលោកគិតថាវានឹងក្លាយជាកិច្ចព្រមព្រៀងល្អសម្រាប់មនុស្សគ្រប់គ្នា ព្រោះកិច្ចព្រមព្រៀងនេះសំខាន់ណាស់ រាប់ចាប់ពីទស្សនៈសន្តិសុខជាតិ ហើយលោកគិតថាពួកលោកនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅទីនោះ។
យោងតាមលោក Trump ការឯកភាពគ្នាត្រូវបានឈានដល់លើបញ្ហាជាច្រើន ហើយអឺរ៉ុបក៏ចង់ឱ្យសហរដ្ឋអាមេរិកឈានដល់កិច្ចព្រមព្រៀងមួយផងដែរ។
កាលពីថ្ងៃទី ២១ មករា បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Mark Rutte អគ្គលេខាធិការអង្គការណាតូ លោក Trump បានប្រកាសថា ក្របខណ្ឌនៃកិច្ចព្រមព្រៀងលើកោះ Greenland ត្រូវបានចេញផ្សាយ។ យោងតាមសារព័ត៌មាន Axios សេចក្តីព្រាងកិច្ចព្រមព្រៀងដែលលោក Rutte បានស្នើទៅលោក Trump ចែងអំពីការអភិរក្សអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាកលើ Greenland និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឆ្នាំ១៩៥១ សម្រាប់ការការពារកោះនេះ។ នេះនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានយោធា និង "តំបន់សុវត្ថិភាព" នៅទីនោះ ប្រសិនបើណាតូយល់ថាចាំបាច់។
ក្រោយមក លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានថ្លែងថា លោក Rutte ពុំមានសិទ្ធិអំណាចក្នុងការធ្វើការចរចាបែបនេះជំនួសមុខឲ្យប្រទេសដាណឺម៉ាកទេ។ លោកស្រីក៏បានកត់សម្គាល់ផងដែរថា ដំណើរការចរចាបានវិលត្រឡប់ទៅរក "មាគ៌ាប្រពៃណី" នៃកិច្ចខិតខំប្រឹងប្រែងការទូតវិញហើយ៕

