កាលពីថ្ងៃអាទិត្យ (១ កុម្ភៈ) លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី ដែលធ្លាប់បម្រើការជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បាននិយាយថា រុស្ស៊ីនឹងមានជ័យជម្នះផ្នែកយោធានៅក្នុងសង្គ្រាមអ៊ុយក្រែន «ឆាប់ៗនេះ» ប៉ុន្តែរឿងសំខាន់គឺត្រូវទប់ស្កាត់ជម្លោះណាមួយបន្ថែមទៀត។

ក្នុងបទសម្ភាសន៍មួយ នៅពេលត្រូវបានអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីសាកសួរថា «តើពេលណារុស្ស៊ីនឹងឈ្នះសង្គ្រាម» លោក Medvedev បានឆ្លើយតបថា «ឆាប់ៗនេះ» ដោយបន្តថា «លោកចង់ឱ្យរឿងនេះកើតឡើងឱ្យឆាប់តាមដែលអាចធ្វើទៅបាន»។
ក្នុងបទសម្ភាសន៍រួមជាមួយសារព័ត៌មានជាច្រើន រួមទាំងទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Medvedev សង្កត់ធ្ងន់ថា «ប៉ុន្តែក៏ជារឿងសំខាន់ដូចគ្នាដែរ ក្នុងការគិតអំពីអ្វីដែលនឹងកើតឡើងបន្ទាប់។ យ៉ាងណាមិញ គោលដៅនៃជ័យជម្នះគឺដើម្បីទប់ស្កាត់ជម្លោះថ្មី»។
បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ លោក Medvedev តែងលើកពីជ័យជម្នះរបស់ទីក្រុងមូស្គូ ដោយរិះគន់ម្តងហើយម្តងទៀតលើទីក្រុងគីវ និងមហាអំណាចលោកខាងលិច ហើយក៏ព្រមានអំពីហានិភ័យនៃកំណើនសង្គ្រាមឆ្ពោះទៅរក «វិនាសកម្មនុយក្លេអ៊ែរ»។
យោងតាមផែនទីប្រភពបើកចំហនៃសង្គ្រាម បានបង្ហាញថា បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រង ១ភាគ៥ នៃទឹកដីអ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់អាចដណ្តើមយកតំបន់ដុនបាស ភាគខាងកើតទាំងមូលបានទេ ជាទីដែលរុស្ស៊ីទទូចចង់បាន ខណៈកងកម្លាំងអ៊ុយក្រែន កាន់កាប់ប្រហែល ១០% នៅទីនោះ ឬគិតជាផ្ទៃដីចំនួន ៥ពាន់គីឡូម៉ែត្រក្រឡា៕

