កាលពីថ្ងៃសុក្រសប្ដាហ៍មុន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរំលឹកខួប ៥ឆ្នាំបន្ទាប់ពីយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាច ដោយព្រមានថា វិបត្តិមនុស្សធម៌ នយោបាយ និងសន្តិសុខក្នុងសហភាពមីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ ការភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ និងអំពើហិង្សាកាន់តែខ្លាំងឡើង។

អ្នកនាំពាក្យរបស់លោក Guterres គឺលោក Farhan Haq បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រយៈពេល ៥ឆ្នាំចាប់តាំងពីយោធាបានដណ្តើមអំណាច និងឃុំខ្លួនសមាជិកនៃរដ្ឋាភិបាលជាប់ឆ្នោត ទុក្ខវេទនារបស់ប្រជាជនមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរឡើងៗ ជាមួយនឹងការរំលោភបំពានយ៉ាងទូលំទូលាយលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ»។
សេចក្តីថ្លែងការណ៍បន្តថា៖ លោកអគ្គលេខាធិការ UN នៅតែមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សនៅមីយ៉ាន់ម៉ា និងផលវិបាកធ្ងន់ធ្ងរក្នុងតំបន់ ដោយចង្អុលបង្ហាញពីភាពប្រែប្រួលសេដ្ឋកិច្ច អសន្តិសុខស្បៀងអាហារស្រួចស្រាវ និង «ការភៀសខ្លួនជាច្រើនជិត ៥,២លាននាក់ ទាំងក្នុងប្រទេស និងឆ្លងព្រំដែន»។
គួររម្លឹកថា មីយ៉ាន់ម៉ា បានធ្លាក់ក្នុងជម្លោះចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបង្កជាសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមដែលប៉ះពាល់ដល់ប្រជាជនចំនួន ៥១លាននាក់ ក្នុងប្រទេសនេះ។ យោធាអះអាងថា រដ្ឋប្រហាររបស់ខ្លួនគឺជាអន្តរាគមន៍ចាំបាច់មួយ បន្ទាប់ពីអ្វីដែលខ្លួននិយាយថា ជាការក្លែងបន្លំយ៉ាងទូលំទូលាយក្នុងការបោះឆ្នោតកាលពី ៣ខែមុននោះ ដែលត្រូវបានឈ្នះយ៉ាងលើសលប់ដោយបក្សរបស់លោកស្រី អ៊ុងសានស៊ូជី៕

