នៅព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិការបស់វេទិកាសន្តិភាពកម្ពុជា ជាច្រើនរយនាក់ បានចូលរួមបរិច្ចាគឈាមដោយស័្មគ្រចិត្ត ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋទូទៅ ក៏ដូចជាសម្រាប់ការផ្គត់ផ្គង់តម្រូវការជួយដល់វីរកងទ័ពជួរមុខ។ ការបរិច្ចាគឈាមនេះ រៀបចំឡើងនៅ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ការបរិច្ចាគឈាមនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់រួមមួយ គឺបង្ហាញពីសាមគ្គីភាព បង្ហាញពីភាពស្ម័គ្រចិត្ត របស់ប្រជាពលរដ្ឋ ក៏ដូចជាសាមជិក សមាជិកានៃវេទិកាសន្តិភាពកម្ពុជា ក្រោមប្រធានបទ រួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត។ ការបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយ មានការចូលរួមពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏ដូចជាការចូលរួមពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។
ក្នុងការបរិច្ចាគឈាមនាថ្ងៃនេះ ឯកឧត្តម សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃ វេទិកាសន្តិភាពកម្ពុជា លើកឡើងថា នេះជាការចូលរួមរបស់បុគ្គលម្នាក់ៗ ដើម្បីជួយសង្គ្រោះជីវិតអ្នកដែលមានតម្រូវការឈាមជាចាំបាច់។ ឯកឧត្តម លើកឡើងដែរថា ការបរិច្ចាគឈាមនាពេលនេះ ក្រៅពីបំពេញតម្រូវការសម្រាប់ប្រជាពលរដ្ឋទូទៅ នេះក៏ជាការដែលផ្គត់ផ្គង់សម្រាប់តម្រូវការដល់កងទ័ពជួរមុខផងដែរ។ ឯកឧត្តមថា នេះជាការផ្សាភ្ជាប់រវាងកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅជួរក្រោយ។
សម្រាប់អ្នកបានចូលរួមបរិច្ចាគឈាមនាពេលនេះ មានទាំងអ្នកធ្លាប់បរិច្ចាគឈាមកន្លងទៅ និងមានទាំងអ្នកបរិច្ចាគឈាមលើកដំបូង។ ពួកគេម្នាក់ៗបរិច្ចាគឈាមដោយស័្មគ្រចិត្ត បរិច្ចាគឈាមខដោយស្នាមញញឹម ដោយភាពជឿជាក់ជាក់ថា ឈាមរបស់ពួកគេនឹងអាចជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។ ពួកគាត់ក៏សំណូមពរ ទៅប្រជាពលរដ្ឋដទៃ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យកាន់តែច្រើន។
ក្នុងឱកាសចូលរួមកម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លើកឡើងថា តម្រូវការឈាមនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានចំនួនធំធេង។ ជាក់ស្ដែងកម្ពុជា ត្រូវការឈាមមួយប្លោក រៀងរាល់ ៣នាទីម្ដង។ លោកវេជ្ជបណ្ឌិតលើកទឹកចិត្តឱ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត កាន់តែច្រើន និងទៀងទាត់ ទោះបច្ចុប្បន្នកំណើនការស្ម័គ្រចិត្តបរិច្ចាគឈាមមានការកើនឡើងមួយចំនួនក្ដី។
ក្នុងនាមជានាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកវេជ្ជបណ្ឌិតបញ្ជាក់ដែរថា ការបរិច្ចាគឈាមគឺផ្ដល់ជាអត្ថប្រយោជន៍សម្រាប់ខ្លួនឯង ដឹងច្បាស់ពីសុខភាពខ្លួនឯង ក៏ដូចជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ដែលជាការចូលរួមជួយជីវិតមនុស្សដទៃឱ្យរួចផុតពីគ្រោះមរណៈ។ លើសពីនេះ បើគិតលើផ្លូវសាសនា ការបរិច្ចាគឈាម ជាការធ្វើបុណ្យមួយដ៏ប្រពៃ។ អត្ថបទ៖គឹម ហុក










