លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា កិច្ចចរចាជុំទីពីររវាងមន្ត្រីរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក លើផែនការដែលពង្រាងដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនរយៈពេលជិតបួនឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ជំនួសឱ្យកាលពីថ្ងៃអាទិត្យ។ លោក Zelenskyy ពុំបានផ្តល់ហេតុផលសម្រាប់ការពន្យារពេលនេះទេ។

ការប្រកាស ធ្វើឡើងមួយថ្ងៃបន្ទាប់ពីបេសកជនជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបពិភាក្សាដ៏ភ្ញាក់ផ្អើលជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅក្នុងរដ្ឋ Florida ដោយគ្មានអ៊ុយក្រែន។ លោក Zelenskyy បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា «កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំត្រីភាគីបន្ទាប់ ត្រូវបានកំណត់ពេលនៅថ្ងៃទី៤ និងទី៥ ខែកុម្ភៈ នៅទីក្រុង Abu Dhabi»។

ទាំងវិមានក្រឹមឡាំង និងសហរដ្ឋអាមេរិក មិនបានបញ្ជាក់ពីកាលបរិច្ឆេទថ្មីនោះទេ។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនខិតជិតដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ ជាជម្លោះដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ប៉ុន្តែទាំងទីក្រុងមូស្គូនិងទីក្រុងគីវ មិនអាចរកឃើញការសម្របសម្រួលលើបញ្ហាសំខាន់ៗនៃដែនដីនេះទេ។ ប្រទេសរុស្ស៊ី ដែលចូលកាន់កាប់ប្រហែល២០ភាគរយនៃប្រទេសជិតខាងខ្លួន កំពុងជំរុញឱ្យមានការគ្រប់គ្រងពេញលេញនៅតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងណាមួយ។
អ៊ុយក្រែនបានព្រមានថាការប្រគល់ទឹកដីនឹងធ្វើឱ្យទីក្រុងមូស្គូមានភាពក្លាហាន ហើយខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបរាជ័យក្នុងការរារាំងរុស្ស៊ីពីការឈ្លានពានម្តងទៀតនោះទេ។ ប្រជាជនអ៊ុយក្រែនជាច្រើនយល់ថាគំនិតនៃការប្រគល់ទឹកដីដែលទាហានរបស់ពួកគេបានការពារជាច្រើនឆ្នាំមកហើយនោះ គឺមិនអាចទទួលយកឡើយ។