អ៊ុយក្រែន៖ អង្គភាពសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃចន្ទថា អគារលំនៅឋានកម្ពស់ ៤ជាន់ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Kharkiv បន្ទាប់ពីអគារនេះត្រូវបានវាយប្រហារតាមអាកាស។

អនុប្រធានអង្គភាពសេវាសង្គ្រោះបន្ទាន់នៅទីក្រុង Kharkiv និយាយថា មនុស្សម្នាក់ត្រូវបានគេរកឃើញស្លាប់នៅក្រោមកម្ទេចកំទី ហើយម្នាក់ត្រូវបានគេជួយសង្គ្រោះ។ ការវាយប្រហារនេះបានកើតឡើង ខណៈរុស្ស៊ីវាយលុកចូលអ៊ុយក្រែនបានចូលដល់ថ្ងៃទី១៩។ ខណៈការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែខ្លាំងឡើង ជនភៀសខ្លួនដែលភៀសចេញពីអំពើហិង្សាបានបន្តមកដល់ប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទ។

នៅស្ថានីយរថភ្លើង Przemysl ជនភៀសខ្លួនឈ្មោះ Anjela អាយុ ៥៥ឆ្នាំមកពីក្រុង Poltava និយាយដោយភាពក្ដុកក្ដួលក្នុងអារម្មណ៍នៅពេលអំពាវនាវឱ្យអង្គការណាតូ អនុវត្តតំបន់គ្មានការហោះហើរលើអ៊ុយក្រែន ដើម្បីឱ្យក្រុមគ្រួសារដែលនៅសល់របស់គាត់អាចរត់គេចខ្លួនបាន៕
អត្ថបទ៖ ប៊ុនថន