នៅក្នុងសុន្ទរកថាដែលចេញផ្សាយនៅថ្ងៃចន្ទ (២ កុម្ភៈ) នេះ លោក Dmitry Medvedev មន្ត្រីសន្តិសុខជាន់ខ្ពស់នៃវិមានក្រឹមឡាំង បាននិយាយថា ពិភពលោកកំពុងក្លាយជាគ្រោះថ្នាក់ខ្លាំង ប៉ុន្តែរុស្ស៊ី មិនចង់បានជម្លោះសកលទេ ខណៈលោកក៏បានរិះគន់ខ្លាំងៗលើអឺរ៉ុប ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន នៅឆ្នាំ២០២២ បានបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងលោកខាងលិច និងទីក្រុងមូស្គូ ចាប់តាំងពីសង្គ្រាមត្រជាក់មក។ ប្រេសិតរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងព្យាយាមចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែពុំទាន់មានផ្លែផ្កានៅឡើយ។

លោក Medvedev ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានប្រាប់បទសម្ភាសន៍មួយថា «ស្ថានភាពពិភពលោកមានគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែរុស្ស៊ីមិនចាប់អារម្មណ៍នឹងជម្លោះសកលនោះឡើយ» ដោយបន្ថែមការព្រមានរបស់លោកថា ទោះជាបែបនេះក្ដី «ជម្លោះសកលក៏មិនអាចច្រានចោលបានដែរ»។
សុន្ទរកថានេះកើតឡើងស្របពេលសមរភូមិរវាងទីក្រុងគីវ និងទីក្រុងមូស្គូ នៅតែបន្តយ៉ាងក្ដៅគគុក។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានចាត់ទុកសង្គ្រាមដ៏បង្ហូរឈាមនេះ ថាជាការដណ្តើមទឹកដីតាមបែបអធិរាជ ហើយនិយាយថា បើរុស្ស៊ី ឈ្នះនៅអ៊ុយក្រែន នោះថ្ងៃណាមួយខ្លួននឹងវាយប្រហារអង្គការណាតូ។ រុស្ស៊ី ច្រានចោលការអះអាងបែបនេះថាជារឿងមិនសមហេតុផលទាល់តែសោះ៕