ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានលើកឡើងនៅថ្ងៃចន្ទ (២ កុម្ភៈ) នេះថា អតិផរណាសកលត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកត្រឹមអត្រា ៣,៨% នៅឆ្នាំ២០២៦នេះ និងបន្តធ្លាក់នៅត្រឹម ៣,៤% ក្នុងឆ្នាំ២០២៧ ដោយសារតម្រូវការធ្លាក់ចុះ និងតម្លៃថាមពលទាប។

ក្នុងសុន្ទរកថានៅវេទិកាសារពើពន្ធអារ៉ាប់ប្រចាំឆ្នាំនៅទីក្រុងឌុយបៃ លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រង IMF បាននិយាយថា កំណើនសេដ្ឋកិច្ចពិភពលោកបានកើនឡើង «គួរឱ្យកត់សម្គាល់» ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅក្នុងភូមិសាស្ត្រនយោបាយ គោលនយោបាយពាណិជ្ជកម្ម បច្ចេកវិទ្យា និងប្រជាសាស្ត្រ។ ដើម្បីទប់ទល់បញ្ហា លោកស្រីបានអំពាវនាវឱ្យមានសមាហរណកម្មពាណិជ្ជកម្មបន្ថែមទៀត។

នៅក្នុងរបាយការណ៍ខែមករានៃចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួន មូលនិធិ IMF បានធ្វើបច្ចុប្បន្នភាពការព្យាករអំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) សកល ថានឹងកើនឡើង ៣,៣% នៅឆ្នាំ ២០២៦ ដែលជាកំណើន ០,២% ធៀបនឹងការប៉ាន់ស្មានចុងក្រោយបំផុតរបស់ខ្លួនក្នុងខែតុលា កន្លងទៅ។ IMF បាននិយាយថា ការប៉ាន់ស្មាននេះដូចគ្នាទៅនឹងកំណើន ៣,៣% នៅឆ្នាំ ២០២៥ ដែលបញ្ជាក់ពីស្ថិរភាពសកល។

ស្ថាប័នផ្តល់ប្រាក់កម្ចីសកលក្នុងគ្រាមានវិបត្តិមួយនេះ ក៏បានព្យាករថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៧ នឹងមានចំនួន ៣,២% ដែលមិនផ្លាស់ប្តូរពីការព្យាករពីមុនឡើយ។ IMF បានកែសម្រួលអត្រាកំណើនសកលឱ្យខ្ពស់ជាងមុន ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥មក ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ ដែលបានបន្ទាបអត្រាពន្ធគយសកលដ៏ច្រើនរបស់សហរដ្ឋអាមេរិក៕