ត្បូងឃ្មុំ ៖ ក្រោយចុះពិនិត្យដោយផ្ទាល់ន រមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្រេចយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំពីធីចាប់ត្រីតាមបែបបូរាណ ដែលតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅបឹងត្រពាំងក្រមនេះ។
ជាមួយការចុះពិនិត្យនេះកឧត្តម ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរស្រុក និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការរៀបចំចំណតយានយន្ត និងបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលនឹងមកលេងកម្សាន្តឱ្យបានល្អបំផុត។ ព្រោះនេះជាការលើកស្ទួយវប្បធម៌ និងរក្សានូវប្រពៃណីទំនៀមទម្លាប់ បន្សល់ទុកពីបុរាណរបស់ដូនតា នៃប្រជាជន ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ពិសេសក៏ជាការរួមចំណែកបង្កើនស្មារតីទេសចរណ៍ក្នុងខេត្តត្បូងឃ្មុំឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។
ការរក្សាបាននូវប្រពៃណីចាប់ត្រីតាមបែបបុរាណ ដោយប្រើប្រាស់ឧបករនេសាទ ដូចជា អង្រុត ឈ្នាង ត្រក ក្អុះ ជាដើម ដោយមិនអនុញ្ញាត្តិឳ្យប្រើឧបករណ៍ទំនើប ឬល្មើសច្បាប់ឡើយ ដែលនេះគឺជាការបង្ហាញពីតម្លៃវប្បធម៌ និងការចេះរស់នៅចុះសម្រុងជាមួយធម្មជាតិរបស់ប្រជាជនខ្មែរគ្រប់ជំនាន់។ ជាក់ស្តែងពិធីនេះត្រូវបានសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយពីមួយឆ្នាំទៅមួយឆ្នាំមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើនឡើងៗ រួមទាំងជនបរទេសផង ។
សូមជម្រាបថា បឹងត្រពាំងក្រម មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹងជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចម្អិនហូបជុំគ្នា ដែលជាទំនៀមទម្លាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិអញ្ជើញចូលរួមឲ្យបានច្រើនកុះករ នៅថ្ងៃទី១៤ កុម្ភៈខាងមុខនេះ៕

