ប្រជាជនគុយបាបានប្រឈមទៅនឹងអាកាសធាតុត្រជាក់ខុសពីធម្មតាកាលពីថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ដោយសីតុណ្ហភាពអតិបរមាមិនលើសពី១៥អង្សាសេនៅទីក្រុងឡាហាវ៉ាន ជាកន្លែងដែលខ្យល់និងរលកត្រជាក់បានបណ្តាលឱ្យមានទឹកជំនន់តាមតំបន់មាត់ឆ្នេររបស់ទីក្រុង។
នៅជញ្ជាំងសមុទ្រ Malecon ដ៏ល្បីល្បាញក្នុងរដ្ឋធានីប្រទេសគុយបា រលកមានកម្ពស់ជាមធ្យម៣ទៅ៤ ម៉ែត្រ បានចាប់ផ្តើមប៉ះពាល់ដល់តំបន់ទំនាបខណៈអាជ្ញាធរការពារជនស៊ីវិលបានជម្លៀសប្រជាជនងាយរងគ្រោះ និងបានបញ្ជាឱ្យពួកគេចាត់វិធានការដែលបានណែនាំដើម្បីការពារទ្រព្យសម្បត្តិ។

វិទ្យាស្ថានឧតុនិយមគុយបា (Insmet) បានព្រមានថា ខ្យល់ស្ងួតនិងត្រជាក់ មានប្រភពមកពីតំបន់មហាសមុទ្រអាកទិកនឹងចូលមកក្នុងប្រទេសគុយបា ដែលបង្កើនស្ថានភាពក្នុងរដូវរងាដែលមានរួចហើយនៅក្នុងប្រទេសនេះរយៈពេលជាច្រើនថ្ងៃ។
យោងតាមការណែនាំពិសេសពីវិទ្យាស្ថាន Insmet បានឲ្យដឹងថា ស្ថានភាពនេះនឹងបណ្តាលឱ្យ «ត្រជាក់នៅពេលព្រឹក ជាពិសេសមានសីតុណ្ហភាពអប្បបរមាក្រោម១០អង្សាសេ» និង «ត្រជាក់ខ្លាំងនៅពេលថ្ងៃមានសីតុណ្ហភាពអតិបរមាចន្លោះពី១៥ ទៅ១៨ អង្សាសេ»។
