ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោក ចាត់ទុកកងទ័ពសហភាពអឺរ៉ុបជា «ក្រុមភេរវករ»។
លោកបានធ្វើការអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសហភាពអឺរ៉ុបចំពោះការចាត់ទុកកងឆ្មាំបដិវត្តន៍ ឥស្លាម ជាអង្គការភេរវកម្ម កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ICANA ដែលមានទំនាក់ទំនងជាមួយស្ថាប័ននីតិប្បញ្ញត្តិអ៊ីរ៉ង់។

លោក Ghalibaf បាននិយាយថា៖«ផលវិបាកនៃសកម្មភាពនេះ នឹងត្រូវទទួលខុសត្រូវដោយសហភាពអឺរ៉ុប»។ លោកបានពិពណ៌នាអំពីការសម្រេចរបស់សហភាពអឺរ៉ុបថា «គ្មានការទទួលខុសត្រូវ» ដោយសង្កត់ធ្ងន់ថា ចំណាត់ការនេះ ត្រូវបានធ្វើឡើង ស្របតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ីស្រាអែល។
លោកបានបន្ថែមថា ការចោទប្រកាន់ «គ្មានមូលដ្ឋាន» ប្រឆាំងនឹងកងឆ្មាំបដិវត្តន៍នេះ នឹងធ្វើឲ្យតួនាទីរបស់អឺរ៉ុបនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគត ចុះខ្សោយ៕
