ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសជប៉ុន នឹងធ្វើការជាមួយប្រទេសកម្ពុជាជានិច្ច ដើម្បីធានានាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ខណៈកិច្ចការដែលធ្វើរួមគ្នានេះ និងប្រកបដោយតម្លាភាព ស្របតាមការឯកភាពរបស់អាស៊ានទាំងមូលផងដែរ។
នៅក្នុងពិធីទទួលស្វាគមន៍កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ដែលបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅខេត្តព្រះសហនុ លោកឯកអគ្គរាជទូត បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចំរើន អស់រយៈពេលមួយយ៉ាងវែង យើងមានជំនឿថា ប្រទេសជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និតថែមទៀត ជាមួយប្រទេសកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ក្នុងចំណោមនោះ ប្រទេសទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវ«ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) »។
ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ប្រកបដោយតម្លាភាព និងភាពគ្រប់ជ្រុងជ្រោយ ដោយសង្កត់ធ្ងន់ទៅលើមជ្ឈភាព និងការឯកភាពរបស់អាស៊ាន»។
នៅក្នុងពិធីទទួលស្វាគមន៍កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ដើម្បីមកចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុន PKO ជាលើកដំបូងមកកាន់ប្រទេសកម្ពុជានេះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានសម្តែងការស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម ថែមទាំងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្មផងដែរ ដែលសកម្មភាពជួយនេះគឺបានកើតឡើងរហូតដល់បច្ចុប្បន្ន។
លោកឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជាធ្លាប់តែទទួលយកកងកម្លាំងរក្សាសន្តិភាពពីប្រទេសនៅលើពិភពលោក ប៉ុន្តែរយៈពេល៣០ឆ្នាំក្រោយមក ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសទទួលយកកងរក្សាសន្តិភាព ទៅជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ពិភពលោកផងដែរ ខណៈដល់សព្វថ្ងៃនេះ គឺមានរហូតដល់ ៩ប្រទេស ហើយបានបញ្ជូនកងកម្លាំងរបស់ខ្លួនជាង ៨ពាន់នាក់ផងដែរ៕អត្ថបទ៖ បាន ចក់






