រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែមាន បណ្តាញទំនាក់ទំនងជាមួយរុស្ស៊ី ដើម្បីអាចនិយាយជាមួយប្រទេសនេះដោយផ្ទាល់។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Liberation ដោយធ្វើអត្ថាធិប្បាយនូវសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) អំពីការបន្តទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញថា៖«ជនជាតិអឺរ៉ុប ដែលឥឡូវនេះជាអ្នកគាំទ្រសំខាន់របស់អ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុ និងយោធា គួរតែមានបណ្តាញទំនាក់ទំនង ដើម្បីការពារផលប្រយោជន៍របស់ពួកគេ មិនមែនផ្ទេរការទទួលខុសត្រូវទៅឲ្យអ្នកដទៃទេ»។
លោកបាននិយាយថា៖«បារាំងមិនដែលច្រានចោលទាំងស្រុងនូវលទ្ធភាពនៃការសន្ទនាជាមួយរុស្ស៊ីទេ» ដោយបន្ថែមថា ការសន្ទនាបែបនេះ គួរតែត្រូវបានរក្សា ប្រសិនបើ«វាមានប្រយោជន៍ និងមានតម្លាភាពទាក់ទងនឹងអ៊ុយក្រែន និងដៃគូអឺរ៉ុបរបស់ខ្លួន»។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ France 2 កាលពីថ្ងៃទី ០៦ ខែមករា លោក ម៉ាក្រុង បាននិយាយថា លោកមានគម្រោងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ដោយធ្វើអត្ថាធិប្បាយអំពីការលើកឡើងរបស់លោក ម៉ាក្រុង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បាននិយាយកាលពីខែធ្នូ ឆ្នាំ ២០២៥ ថា ទីក្រុងមូស្គូតែងតែបើកចំហសម្រាប់ការ សន្ទនា។ លោកបានរំលឹកថា លោកប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីការត្រៀមខ្លួនរបស់លោកសម្រាប់ការទំនាក់ទំនង «លុះត្រាតែអ្នកដែលមានទំនាក់ទំនងជាមួយលោក មានឥរិយាបថសមរម្យ និងប្រកបដោយការគោរព»៕
