ក្រសួងសុខាភិបាលលីបង់កាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះ «ការគំរាមកំហែង» របស់អ៊ីស្រាអែលប្រឆាំងនឹងមន្ទីរពេទ្យនៅភាគខាងត្បូងប្រទេសនេះ ដោយហៅពួកវាថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ការគំរាមកំហែងទាំងនេះ បានបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់ជីវិតជនស៊ីវិល និងក្រុមគ្រូពេទ្យ ដោយបានបន្ថែមថា មណ្ឌលថែទាំសុខភាព គឺជាស្ថាប័នមនុស្សធម៌ដែលមានសិទ្ធិទទួលបានការការពារក្រោមច្បាប់អន្តរជាតិ «គ្រប់ពេលវេលា»។

ក្រសួងបានបន្តទៀតថា៖«ការកំណត់គោលដៅ ឬការគំរាមកំហែងណាមួយទៅលើមណ្ឌលថែទាំសុខភាព...បង្កើតបានជាបទឧក្រិដ្ឋដែលមិនអាចរាប់ជាសុចរិត ក្រោមលេសណាមួយឡើយ» ខណៈពេលដែលអំពាវនាវឲ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ដើម្បីការពារប្រព័ន្ធថែទាំសុខភាពលីបង់។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីរបាយការណ៍ពីថ្នាក់គ្រប់គ្រងមន្ទីរពេទ្យ Martyr Salah Ghandour ក្នុងទីក្រុង Bint Jbeil ដែលជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសលីបង់ ដែលបាននិយាយថា ខ្លួនបានទទួលការគំរាមកំហែងតាមរយៈខិត្តប័ណ្ណដែលត្រូវបានសង្ស័យថា បានទម្លាក់ដោយកងកម្លាំងអ៊ីស្រាអែល។
ថ្នាក់គ្រប់គ្រងមន្ទីរពេទ្យបានបដិសេធការចោទប្រកាន់ដែលមាននៅក្នុងខិត្តប័ណ្ណ ដោយពណ៌នាពួកវាថាជា «ការអះអាងមិនពិត» ដែលមានបំណងផ្សព្វផ្សាយការភ័យខ្លាច។ មជ្ឈមណ្ឌលនេះ ដែលបានដំណើរការតាំងពីឆ្នាំ ២០០០ បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះបេសកកម្មមនុស្សធម៌របស់ខ្លួន ទោះបីជាមានសម្ពាធក៏ដោយ។
ពុំមានការឆ្លើយតបភ្លាមៗពីអ៊ីស្រាអែលចំពោះការចោទប្រកាន់របស់លីបង់នោះទេ៕
