ដោយដកស្រង់ប្រភពមួយនៅក្នុងក្រសួងមហាផ្ទៃស៊ីរី សារព័ត៌មាន Al Watan បានរាយការណ៍ថា ប្រតិបត្តិការសម្រាប់ការដាក់ពង្រាយកងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរី នៅក្នុងខេត្តអាល់ហាសាកា (al-Hasakah) ភាគឦសានដែលមានប្រជាជនឃើដរស់នៅ នឹងចាប់ផ្តើម នៅថ្ងៃចន្ទ ទី ០២ ខែកុម្ភនេះ។

កាសែតនេះ បានរំលឹកថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដ គ្រោងនឹងដាក់ពង្រាយរចនាសម្ព័ន្ធអនុវត្តច្បាប់កណ្តាល នៅក្នុងផ្នែកកណ្តាលនៃទីក្រុង Hasakah និងកាមីសលី (Qamishli)។ តំបន់ប្រេងនៅក្នុងទីក្រុង Rumeilan និង al-Sweida ក៏ដូចជាអាកាសយានដ្ឋាន Qamishli និងច្រកព្រំដែនទាំងអស់ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
ចំពោះទីក្រុង Ain al-Arab ដែលត្រូវបានគេស្គាល់ផងដែរថា កូបានេ (Kobane) នៅលើច្រាំងខាងកើតនៃទន្លេ Euphrates កងកម្លាំងសន្តិសុខស៊ីរី នឹងត្រូវដាក់ពង្រាយនៅទីនោះ បន្ទាប់ពីអង្គភាពឃើដ និងកងកម្លាំងរដ្ឋាភិបាល ចាកចេញពីទីតាំងរបស់ពួកគេ តាមបណ្តោយខ្សែបន្ទាត់ប្រយុទ្ធ។ យោងតាមកាសែត Al Watan ប្រធានមន្ទីរកិច្ចការផ្ទៃក្នុងខេត្តអាឡេប៉ូ លោកវរសេនីយ៍ឯក Mohammed Abdul Ghani កំពុងពិភាក្សាព័ត៌មានលម្អិតអំពីប្រតិបត្តិការនាពេលខាងមុខ ជាមួយ SDF នៅទីក្រុងកូបានេ៕
