យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាល បានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់ចិន បានប្រាប់ប្រមុខសន្តិសុខរុស្ស៊ីថា ទំនាក់ទំនងទ្វេភាគី អាច «ឈានដល់កម្រិតថ្មី» នៅឆ្នាំនេះ នៅពេលដែលរដ្ឋមន្ត្រីទាំង ២រូប បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ (ទី១ ខែកុម្ភៈ ឆ្នាំ២០២៦)។
ទីក្រុងប៉េកាំង និងមូស្គូ បានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយភាពជាដៃគូយុទ្ធសាស្ត្ររបស់ភាគីកាន់តែជិតស្និទ្ធ ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមការឈ្លានពាន លើអ៊ុយក្រែន កាលពីដើមឆ្នាំ២០២២។

ក្រសួងការបរទេសចិន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Wang Yi បានជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu នៅទីក្រុងប៉េកាំង នៅថ្ងៃទី១ ខែកុម្ភៈ សម្រាប់ជុំចុងក្រោយនៃកិច្ចប្រជុំ «ទំនាក់ទំនងយុទ្ធសាស្ត្រ»។ លោក Wang បានប្រាប់លោក Shoigu ថា ចិន និងរុស្ស៊ីត្រូវតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ពហុភាគីនិយម ក្នុងអំឡុងពេលមាន «ភាពច្របូកច្របល់» និង «គាំទ្រពិភពលោកពហុប៉ូលស្មើភាព និងមានសណ្តាប់ធ្នាប់»។
យោងតាមការប្រកាសព័ត៌មានរបស់ក្រសួង បានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយរុស្ស៊ីដើម្បី «ធ្វើឲ្យស៊ីជម្រៅនូវការសម្របសម្រួលយុទ្ធសាស្ត្រ និងជំរុញទំនាក់ទំនងចិន-រុស្ស៊ី ឲ្យឈានដល់ដំណាក់កម្រិតថ្មី នៅឆ្នាំថ្មីនេះ»។
គួរបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងប៉េកាំងនេះ បានកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិក បានប្រាប់ថា ខ្លួនជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនហើយ៕
