សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី១ ខែកុម្ភៈ ឆ្នាំ២០២៦) បានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ាក់ឯករាជ្យមួយ គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យប្រទេសមិនពាក់ព័ន្ធភាពតានតឹងក្នុងតំបន់ ដោយបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអធិបតេយ្យភាព និងស្ថិរភាពនយោបាយរបស់ប្រទេសអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម X ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាកដាដ (Baghdad) បានលើកឡើងថា សារនេះត្រូវបានបញ្ជូនក្នុងអំឡុងពេលជួបជាមួយលោក Mesud Barzani មេដឹកនាំគណបក្សប្រជាធិបតេយ្យឃឺឌីស្ថាន (KDP) ក្នុងតំបន់រដ្ឋបាលឃឺដ នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។

ស្ថានទូតបានបញ្ជាក់ថា ភារធារី លោក Joshua Harris និងអគ្គកុងស៊ុល លោកស្រី Wendy Green បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រ «អ៊ីរ៉ាក់ដែលមានអធិបតេយ្យភាព ស្ថិរភាព និងវិបុលភាព« ក៏ដូចជាភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងជាមួយតំបន់ឃឺដ។
ស្ថានទូតបានសង្កត់ធ្ងន់ថា «មានតែតាមរយៈឯករាជ្យភាពបែបនេះទេ ទើបប្រទេសអ៊ីរ៉ាក់ អាចការពារអធិបតេយ្យភាពរបស់ខ្លួន បានយ៉ាងមានប្រសិទ្ធភាព នៅតែអាចគេចផុតពីភាពតានតឹង ក្នុងតំបន់ និងសម្រេចបានយ៉ាងពេញលេញនូវសក្តានុពលនៃភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ការបែកបាក់បានលេចឡើងនៅក្នុងសម្ព័ន្ធភាពនៃគណបក្សនិកាយស៊ីអ៊ីត ដែលគាំទ្រអតីតនាយករដ្ឋមន្ត្រី លោក Nouri al-Maliki។ ក្រុមចម្រុះបានតែងតាំងលោក Maliki ជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីរ៉ាក់ ប៉ុន្តែការតែងតាំងនេះ ត្រូវបានជំទាស់ដោយសហរដ្ឋអាមេរិក ដោយលោកប្រធានាធិបតី Donald Trump គំរាមបញ្ចប់ការគាំទ្រដល់អ៊ីរ៉ាក់ ប្រសិនបើលោក Maliki ទទួលបានតំណែងឡើងវិញ៕

